នៅថ្ងៃទី៧ ខែឧសភានេះ ប្រធានាធិបតីមីយ៉ានម៉ា លោក Win Myint បានប្រកាសថា ប្រទេសមីយ៉ានម៉ាបានសម្រេច ដោះលែងអ្នកទោស ៦៥០០នាក់ឲ្យមានសេរីភាព ក្នុងនោះមានអ្នកសារព័ត៌មានរ៉យទ័រពីរនាក់ផងដែរ ។
អ្នកកាសែតរ៉យទ័រ២នាក់ ដែលបានជាប់ពន្ធនាគារ ដោយសារតែរំលោភបំពានច្បាប់ចែងពី ការការពារព័ត៌មានសម្ងាត់ជាតិ មីយ៉ាន់ម៉ា កាលពីខែសីហា ឆ្នាំ២០១៨នោះ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ត្រូវបានតុលាការ សម្រេចដោះលែងឲ្យមានសេរីភាពវិញហើយ ។
សាក្សី និងប្រធានពន្ធនាគារមីយ៉ាន់ម៉ា បញ្ជាក់ប្រាប់ប្រភពព័ត៌មានផ្សាយកាលពីថ្ងៃអង្គារ ទី៧ ខែឧសភាថា អ្នកកាសែត Wa Lone និង Kyaw Soe Oo ត្រូវបានដោះលែងឲ្យមានសេរីភាព ក្រោយការលើកលែងទោសពីប្រធានាធិបតី Win Myint ដំណាលពេលជាមួយគ្នានឹងការលើកលែងទោសដល់អ្នកទោសសរុប ៦ ៥២០នាក់ផងដែរ ។
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ តុលាការកំពូលមីយ៉ាន់ម៉ាបានជំទាស់ទៅនឹងបណ្តឹងចុងក្រោយ របស់អ្នកកាសែតប្រឆាំងទៅនឹងការជាប់ពន្ធនាគាររយៈពេល៧ឆ្នាំរបស់ពួកគេ ។
ការចោទប្រកាន់នោះ ដោយសារតែអ្នកកាសែត២រូបនេះ បានផ្សាយអត្ថបទអំពីកងកម្លាំងសន្តិសុខដែលរំលោភបំពានទៅលើជនមូស្លីមរ៉ូហ៊ីងយ៉ា៕