ព័ត៌មានទាន់ហេតុការណ៍៖

បើអាមេរិកវាយប្រហារអ៊ីរ៉ង់ តើមានប្រទេសណាមួយ​ ចូលរួមជាមួយអាមេរិក ?

ចែករំលែក៖

នៅពេលនេះ អាមេរិក បានបង្កឲ្យមានវិវាទជាមួយបណ្តាប្រទេសជាសម្ពន្ធមិត្ត ពិសេសគឺតំបន់អឺរ៉ុប ដោយសារតែការដំឡើងពន្ធ ។ ប៉ុន្តែនៅមានប្រទេសមួយ​ដែលស្មោះស្ម័គ្រជាមួយអាមេរិក នោះគឺអង់គ្លេស ។

នៅពេលនេះ លោក ជេរេមី ហាន់ រដ្ឋមន្ត្រីការបរទេស និងជាបេក្ខជននាយករដ្ឋមន្ត្រីអង់គ្លេស បានព្រលយពាក្យថា អង់គ្លេសអាចចូលរួមជាមួយអាមេរិក ក្នុងចំណាត់ការយោធាលើអ៊ីរ៉ង់ ។

ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានកើនឡើងនៅប៉ុន្មានសប្តាហ៍មកនេះ ជាពិសេសក្រោយអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក(ដ្រូន) របស់អាមេរិកមួយគ្រឿង និងការចោទប្រកាន់របស់រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោនថា អ៊ីរ៉ង់នៅពីក្រោយ ការវាយប្រហារលើនាវាដឹកប្រេងនៅឈូងសមុទ្រពែក្ស ។

ការលើកឡើងរបស់លោក ហាន់ កើតឡើងបន្ទាប់ពីមន្ត្រីទទួលបន្ទុកការងារមជ្ឈិមបូព៌ារបស់ក្រសួងការបរទេសអង់គ្លេស បានពិភាក្សាជាមួយរដ្ឋាភិបាល ក្រុងតេអេរ៉ង់កាលពីចុងសប្តាហ៍ ដោយភាគីអង់គ្លេសបានលើកឡើងអំពីការព្រួយបារម្ភចំពោះសកម្មភាពរបស់អ៊ីរ៉ង់ ។

ក្នុងពេលធ្វើយុទ្ធនាការនៅស្កត់លែន សម្រាប់មេដឹកនាំគណបក្សអភិរក្សរបស់អង់គ្លេស(Tory) លោក ហាន់ បាននិយាយថា អង់គ្លេសពិចារណាអំពីអន្តរាគមន៍យោធានៅអ៊ីរ៉ង់ ។

លោកបានប្រាប់សារព័ត៌មានDaily Mailថា «យើងគាំទ្រអាមេរិកក្នុងនាមជាសម្ពន្ធមិត្តខ្លាំងបំផុតរបស់យើង តែពិតហើយ យើង នឹងពិចារណាលើសំណើណាមួយ សម្រាប់ការគាំទ្រយោធា ឈរលើមូលដ្ឋានមួយករណីៗ» ។

លោក ហាន់ ដែលកំពុងប្រជែងយកតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយថា លោកបាននិយាយជាមួយសមភាគីរបស់លោកជាច្រើន អំពីវិបត្តិអ៊ីរ៉ង់ ដែលលោកហៅថា វា«ធ្ងន់ធ្ងរខ្លាំង» ។

ជាមួយគ្នានេះដែរ ​ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក ម៉ៃ ផមផេវ បានថ្លែងកាលពីថ្ងៃទី២៣ ខែមិថុនាថា លោកចង់បង្កើតសម្ព័ន្ធសកលលោកមួយប្រឆាំង នឹងអ៊ីរ៉ង់ក្នុងអំឡុងពេលពិគ្រោះយោបល់ ជាបន្ទាន់នៅមជ្ឈិមបូព៌ា បន្ទាប់ពីវិបត្ដិរយៈពេលមួយសប្តាហ៍ បានឃើញសហរដ្ឋអាមេរិក ដកថយពីការរកកល់វាយប្រហារយោធាទៅលើអ៊ីរ៉ង់ ។

លោក ផម ផេវ បាននិយាយដូច្នេះ នៅពេលលោកចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងបន្ទាប់មកទៀត គឺប្រទេស អារ៉ាប់រួម អេមីរ៉ាត ដែលជាសម្ពន្ធមិត្តអារ៉ាប់និកាយស៊ុននី ដែលមានការព្រួយបារម្ភ ពីការកើនឡើង ភាពគឃ្លើនរបស់អ៊ីរ៉ង់និកាយស៊ីអ៊ីត និងកំពុងធ្វើការងារដើម្បីទប់ទល់នឹងឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់ ។ ការឈប់សំចតរបស់គាត់នៅទី ក្រុង ជេតដា និងទីក្រុង អាប៊ូដាប៊ី ត្រូវបានរៀបចំយ៉ាងតក់ក្រហល់កាលពីចុងសប្តាហ៍ ខណៈបន្ថែមទៅលើដំណើរទៅកាន់ប្រទេសឥណ្ឌាមួយទៀត ដែលចេញពីកន្លែងនោះទៅគាត់ នឹងចូលរួមជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ។ ប៉ុន្តែដំណើរទាំងនេះ មិនត្រូវបានប្រកាសភ្លាមៗទេ មុនពេលការចាកចេញរបស់គាត់ នៅក្នុងសញ្ញា នៃការវិវត្តន៍យ៉ាងឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាន ។

លោក ផមផេវ និយាយអំពីអ៊ីរ៉ង់យ៉ាងដូច្នេះ “យើង នឹងនិយាយជាមួយពួកគេអំពីរបៀប ដើម្បីធ្វើឲ្យប្រាកដថា យើងទាំងអស់គ្នាស្របគំនិតគ្នា ជាយុទ្ធសាស្ត្រ និងអំពីរបៀបដែលយើងអាចបង្កើតសម្ពន្ធភាពជាសកល មិនត្រឹមតែនៅតាមបណ្តាប្រទេសឈូងសមុទ្រពែក្សប៉ុណ្ណោះទេ តែថែមទាំងនៅអាស៊ី និងអឺរ៉ុប ដែលយល់ពីបញ្ហាប្រឈមនេះ ខណៈដែលខ្លួនត្រៀមរុញច្រានប្រឆាំង និងរដ្ឋឧបត្ថម្ភភេរវកម្មដ៏ធំបំផុតរបស់ពិភពលោក” ។

ប៉ុន្តែទោះបីជាលោក ផមផេវ បាននិយាយធ្ងន់ៗបែបនេះក្តី ក៏លោកបានបន្ទរតាមប្រធានាធិបតីដូណាល់ ត្រាំ និងអនុប្រធានាធិបតី, លោក ម៉ៃ ផមផេវ បាននិយាយថា សហរដ្ឋអាមេរិកត្រៀមខ្លួនចរចាជាមួយអ៊ីរ៉ង់ ដោយគ្មានបុរេលក្ខខណ្ឌ ដើម្បីកាត់បន្ថយភាពតានតឹង ។ ភាពតានតឹងទាំងនោះ បានកើនឡើងចាប់តាំងពីលោក ត្រាំ បានដកសហរដ្ឋអាមេរិកពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាសកលជាមួយអ៊ីរ៉ង់កាលពី ឆ្នាំមុន ហើយបានដាក់សម្ពាធលើរដ្ឋាភិបាល ក្រុងតេហេរ៉ង់ ជាមួយទណ្ឌកម្មសេដ្ឋកិច្ច ។ ការដាក់ទណ្ឌកម្មថ្មីៗលើអ៊ីរ៉ង់ ក្នុងបំណងបង្ខំឲ្យមេដឹកនាំអ៊ីរ៉ង់ចូលមកតុចរចា ។

នៅពេលនេះ បើសង្គ្រាមកើតឡើងនៅតំបន់មជ្ឈិមបូព៌ានោះ​ នឹងមានវិបត្តិកង្វះថាមពលប្រេងកើតឡើង ដោយតំបន់មជ្ឈិមបូព៌ា បានផ្តល់ថាមពលប្រេង ជាច្រើននៅលើពិភពលោក​ ។ នៅពេលនេះ តម្លៃប្រេងនៅលើពិភពលោក កើនឡើងខ្ពស់ ដោយសារតែភាពតានតឹងរវាង អាមេរិក និងអ៊ីរ៉ង់ ក្រោយពេល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​Mike Pompeo បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មបន្ថែមទៅលើអ៊ីរ៉ង់ នឹងប្រកាសក្នុងពេលឆាប់ៗនេះ ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ កាលពីសប្តាហ៍កន្លងមក បានប្រកាសថា លោកបានសម្រេចមិនវាយប្រហារអ៊ីរ៉ង់​ បើទោះបីអ៊ីរ៉ង់បាន​បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិកក្តី ។ ​លោកត្រាំបញ្ជាក់ថា លោកមិនស្វែងរកសង្គ្រាមជាមួយអ៊ីរ៉ង់នោះឡើយ ។

លោក​ Edward Moya ​អ្នកឯកទេសវិភាគ​ ទីផ្សា​ OANDA នៅទី ក្រុងញូវយ៉ក​ បានឲ្យដឹងថា វិវាទនៅតំបន់មជ្ឈិមបូព៌ា នឹងជួយឲ្យតម្លៃប្រេងលើពិភពលោកកើនឡើងខ្ពស់ ។ នៅពេលនេះតម្លៃប្រេង អាចនឹងកើនឡើងខ្ពស់ជាបន្តទៀត ប្រសិនបើ អ៊ីរ៉ង់ប្រតិកម្មខ្លាំងចំពោះការដាក់ទណ្ឌកម្មបន្ថែម​របស់អាមេរិក ។

តម្លៃប្រេងនៅលើពិភពលោកបានកើនឡើង​៥ភាគរយ ​កាលពីសប្តាហ៍កន្លងមក ដោយកើនឡើងដល់ទៅ​៥ភាគរយ ​ ។ តាមការព្យាករណ៍​ តម្លៃប្រេងអាចកើនឡើង​១០ភាគរយ​ នៅសប្តាហ៍ក្រោយ៕


ចែករំលែក៖