រដ្ឋជាច្រើននៅតំបន់ភាគខាងត្បូង ប្រទេសឥណ្ឌា ប្រឈមនឹងគ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំ នៅទីក្រុងជាច្រើន ក្នុងនោះមាន រដ្ឋ Bihar, Assam ជាដើម បណ្តាលឲ្យពលរដ្ឋ ជិត២០០នាក់ស្លាប់ និងពលរដ្ឋ រាប់សិបម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។
មន្ត្រីគ្រប់គ្រង់គ្រោះមហន្តរាយធម្មជាតិឥណ្ឌា កាលពីថ្ងៃទី២១ ខែកក្កដា បានប្រកាសឲ្យដឹងថា អ្នកស្លាប់ដោយគ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាប់គ្នាបានកើនឡើង១៦៩នាក់ ក្នុងនោះ ១០២នាក់ ស្ថិតនៅក្នុងរដ្ឋ Bihar និង៦៧នាក់បាត់បង់ជីវិតនៅក្នុងរដ្ឋ Assam អំឡុងពេលគ្រោះទឹកជំនន់វាយប្រហារ៨ថ្ងៃកន្លងមកនេះ ។
ប្រភពបញ្ជាក់ថា នៅក្នុងរដ្ឋ Bihar ស្រុកចំនួន១២ដែលរងនូវទឹកជំនន់នោះ បណ្តាលឲ្យស្លាប់មនុស្ស២៧នាក់ តែក្នុងស្រុក Sitamarhi មួយប៉ុណ្ណោះ ខណៈ២៣នាក់ស្លាប់នៅក្នុងស្រុក Madhubani, ១២នាក់ស្លាប់នៅស្រុក Arariya, ១០នាក់ក្នុងស្រុក Darbhanga និង១០នាក់ស្លាប់នៅក្នុងស្រុក Seohar ហើយនិង៩នាក់ ស្លាប់នៅក្នុងស្រុក Purnia ។
ជាមួយគ្នានេះ សត្វចិញ្ចឹម និងផលដំណាំ កសិកម្មជាច្រើនហិកតាដទៃផ្សេងទៀតរងផលប៉ះពាល់ ។ មនុស្សសរុបប្រហែល៧.២៧លាននាក់បានប៉ះពាល់ដោយផ្ទាល់ពីគ្រោះទឹកជំនន់នៅពេលនេះ ។
ដោយឡែកនៅក្នុងរដ្ឋ Assam នោះវិញ មនុស្សប្រហែល៣.៨៣លាននាក់ មកពីស្រុកចំនួន១៨ បានរងផលប៉ះពាល់ដោយផ្ទាល់ពីគ្រោះទឹកជំនន់ ។ ភាគខាងជើងរដ្ឋនេះ មនុស្ស៥នាក់ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត មិនដល់២៤ម៉ោងផង ធ្វើឲ្យជនរងគ្រោះបាត់បង់ជីវិតនៅក្នុងខេត្តនេះកើនឡើង៦៧នាក់ ៕