បើស្ថានភាពបាតុកម្មនៅកោះហុងកុង មិនមានសញ្ញាបញ្ចប់នោះ រដ្ឋាភិបាលទីក្រុងប៉េកាំង អាចនឹងបញ្ជូនកម្លាំង ទាហាន ទៅជួយទប់ស្កាត់បំបែកហ្វូងបាតករ កំពុងតែរុញច្រាន់កោះហុងកុងធ្លាក់ចូលក្នុងវិបត្តិទ្រង់ទ្រាយធំ និងខាតបង់សេដ្ឋកិច្ចជាតិជាច្រើន ។
សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩ បានផ្សាយថា ចិនបានត្រៀមរួចរាល់នូវរថពាសដែក និងរថក្រោះជាច្រើនគ្រឿង កំពុងចល័តលើដងផ្លូវក្នុងទីក្រុងមួយមានព្រំប្រទល់នៅមិនឆ្ងាយ ប៉ុន្មានឡើយពីទីក្រុងហុងកុង ។
យោងតាមរូបភាពច្រើនសន្លឹកខាងលើ រថពាសដែក និងរថក្រោះបានចល័តលើដងផ្លូវក្នុងទីក្រុង សិនជិន (Shenzhen) ដើម្បីធ្វើសមយុទ្ធមួយ ហើយការបញ្ចេញរូបភាពទាំងនេះទៀតសោត ធ្វើឡើងក្រោយរដ្ឋាភិបាលទីក្រុងប៉េកាំង បានព្រមានក្រុមបាតុករថា ខ្លួនអាចនឹងធ្វើអន្តរាគមន៍ ដោះស្រាយវិបត្តិបច្ចុប្បន្ននៅក្នុងទីក្រុងហុងកុង ។
គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង បានផ្ទុះឡើងអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ដោយកាលពីថ្ងៃទី១២ ខែសីហា បាតុកម្មនៅឯអាកាសយានដ្ឋានក្រុងហុងកុង ដែលមានបាតុករចូលរួមប្រមាណជាង ៥,០០០នាក់ បានបង្ខំឱ្យជើងហោះហើរទាំងអស់ត្រូវបានលុបចោល រីឯរដ្ឋាភិបាលចិនដីគោកបានចាត់ទុកបាតុកម្មដ៏ហិង្សាគឺជា «សកម្មភាពភេរវកម្ម»។
នៅពេលនេះដែរប៉ូលិសកោះហុងកុង បានចាត់វិធានការយ៉ាងតឹងតែង ចំពោះក្រុមបាតុករ នៅក្នុងតំបន់ Causeway Bay ដោយចាប់ខ្លួនបាតុករចំនួន១៥នាក់បន្ថែមទៀត ដែលលាក់ទុកអាវុធ ដោយខុសច្បាប់ ជាច្រើនប្រភេទ រួមមាន កាំភ្លើងឡាស៊ែរ កាំភ្លើងកៅស៊ូ និងអាវុធមួយចំនួនទៀត។
ស្នងការប៉ូលិសហុងកុង បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែសីហា ប៉ូលិសបានចាប់ខ្លួនបាតុករជ្រុលនិយម សរុបដល់ទៅ១៤៩នាក់ ដោយចោទប្រកាន់ពីបទល្មើសផ្សេងៗគ្នា ក្នុងនោះមាន វាយប្រហារប៉ូលិស និងរារាំងការអនុម័តច្បាប់របស់កម្លាំងសន្តិសុខ។
មានប្រសាសន៍ នៅក្នុងសន្និសីទកាសែត ក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យការិយាល័យតំណាងរដ្ឋាភិបាលចិន ទៅទីក្រុងហុងកុង និងម៉ាកាវ បានថ្កោលទោសយ៉ាងខ្លាំងដល់ក្រុមបាតុកម្ម ដែលបានគប់គ្រាប់បែកផ្សែងទៅលើកម្លាំងសន្តិសុខ។ សកម្មភាពទាំងនោះជាសញ្ញា នៃក្រុមភេរវករ ដែលកំពុងតែបំផ្លាញកោះហុងកុង។
អស់រយៈពេលជាច្រើនខែកន្លងមក ការធ្វើបាតុកម្ម នៅហុងកុង មិនទាន់មានសញ្ញាបញ្ចប់នៅឡើយ ហើយក្រុមបាតុករនៅតែបន្ដទាមទារឲ្យមេដឹកនាំកោះហុងកុង ចាកចេញពីតំណែង ។ ប៉ុន្តែកន្លងមកនេះ មេដឹកនាំកោះហុងកុង លោកស្រី Carrie Lam បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនថា លោកស្រីនឹងមិនចុះចេញពីតំណែងនោះឡើយ៕