អាមេរិក ក្រោមការដឹកនាំរបស់ លោកដូណាល់ ត្រាំ បានព្យាយាមកែប្រែ ទម្រង់សេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ពិភពលោក ទាំងមូល ដោយយកបញ្ហាទាំងនោះ មកដាក់ក្រោមការគ្រប់គ្រងទាំងស្រុងរបស់អាមេរិក ។ ប៉ុន្តែសកម្មភាពទាំងនោះ នឹងជះឥទ្ធិពលអាក្រក់ទៅលើអាមេរិកវិញ ។
សកម្មភាពរបស់អាមេរិកនាពេលបច្ចុប្បន្នគឺ ភ័យខ្លាច បាត់បង់មហាអំណាចពិភពលោក ។ ទាំងនោះហើយ បានជាអាមេរិក ប្រើប្រាស់យុទ្ធសាស្ត្រ ទណ្ឌកម្ម និងការដំឡើងពន្ធដើម្បីទប់ស្កាត់ ការរីកចំរើនរបស់ប្រទេសដែល ជាសត្រូវរបស់អាមេរិក និងជាការគំរាមកំហែងដល់មហាអំណាចទីមួយលពិភពលោក ។
ពាក់ព័ន្ធនឹងសកម្មភាពដំឡើងពន្ធរបស់អាមេរិកទៅលើ ប្រទេសចិន ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសចិនបានចាត់ទុក សកម្មភាព បង្កឲ្យសង្គ្រាមពាណិជ្ជកម្មកាន់តែតានតឹងដោយសារតែការដំឡើងពន្ធរបស់លោក ត្រាំ គឺជា «កំហុសយុទ្ធសាស្ត្រយ៉ាងធំធេង» ។ ជាមួយគ្នានោះចិន បានប្តេជ្ញាមិនចុះចាញ អាមេរិកឡើយ ដោយតបតដល់ទីបញ្ចប់ ។
នៅក្នុងអត្ថបទវិភាគដែលបានផ្សាយកាលពីថ្ងៃទី២៥ ខែសីហា ទីភ្នាក់ងារព័ត៌មានរបស់បក្សកុម្មុយនិស្តចិន People’s Daily បានផ្សាយថា សកម្មភាព របស់អាមេរិក មិនអាចជួយឲ្យប្រទេសនេះទទួលបានជ័យជំនៈនៅក្នុងសង្គ្រាមពាណិជ្ជកម្មនោះឡើយ ។
តាមសារព័ត៌មានខាងលើ« ប្រសិនបើជនជាតិអាមេរិក មិនទទួលស្គល់ថា នោះជាកំហុសយុទ្ធសាស្ត្រ ហើយនឹងនាំមកនូវការខាតបង់យ៉ាងច្រើនដល់អាមេរិក នៅទីបំផុត ពួកគេនឹងទទួលរងគំនាបពីសហគមន៍អន្តរជាតិ ហើយអាមេរិកនឹងមិនអាចទទួលបានជ័យជំនៈដូចអ្វីដែលបានអួតអាងនោះឡើយ ។
សារព័ត៌មានខាងលើ បានផ្សាយថា «ចិនមានសិទ្ធិជំជាក់ទៅលើផ្លូវដែលខ្លួនជ្រើសរើស សម្រាប់ចិនផ្ទាល់ ហើយធ្វើនូវរឿងរ៉ាវត្រឹមត្រូវ ។ ចិនពឹងផ្អែកទៅលើខ្លួនឯងដើម្បីអភិវឌ្ឍន៍» ។ កន្លងមកចិនក៏បានដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិកមានតម្លៃ៧៥ពាន់លានដុល្លារជាការតបតទៅនឹង ការដំឡើងពន្ធ ៣០០ពាន់លានដុល្លារលើទំនិញនាំចូលពីចិនទៅអាមេរិក ។
នៅពេលនេះដែរ នៅក្នុងអត្ថបទចុះផ្សាយនៅថ្ងៃចន្ទនេះ សារព័ត៌មានរដ្ឋ China Daily បានលើកឡើងដូច្នេះថា៖ «ទីក្រុងវ៉ាស៊ីនតោន នឹងមិនត្រូវបានអនុញ្ញាតឱ្យកំណត់ពីជោគវាសនារបស់ចិននោះទេ…ហើយ ម្យ៉ាងវិញទៀត វាច្បាស់ណាស់ ការដំឡើងពន្ធរបស់រដ្ឋបាលលោក ត្រាំ ប្រឆាំងនឹងចិន គឺជារឿង នយោបាយទាំងស្រុង ដោយអ្វីដែលទីក្រុងវ៉ាស៊ីនតោនចង់បានពីដៃគូពាណិជ្ជកម្មនោះ គឺបំពេញ តាមមហិច្ឆិតារបស់ខ្លួនឯងតែប៉ុណ្ណោះ» ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដំឡើង ពន្ធលើផលិតផលនាំចូលពីចិនដែលតម្លៃជាង ៥៥០ពាន់លានដុល្លារ បន្ទាប់ពីទីក្រុងប៉េកាំង ប្រកាសដំឡើងពន្ធលើផលិតផលអាមេរិកមានតម្លៃ៧៥ពាន់លានដុល្លារ៕