រដ្ឋធានីហាណូយ៖ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដំណើរដោយ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំប្រតិភូកម្ពុជា ដែលមានសមាសភាពជាមន្រ្តីជាន់ខ្ពស់ ជាតំណាងក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ទីរប្រឆាំងគ្រឿងញៀន អភិបាលរងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម និងស្នងការរងនគរបាលខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម សរុបចំនួនជាង៣០នាក់ ទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្រ្តី ត្រីភាគី ទ្វេភាគីលើកទី១៨ កម្ពុជា-ឡាវ-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិត្រួតពិនិត្យគ្រឿងញៀន ត្រូវបានរៀបចំឡើងនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ។
កិច្ចប្រជុំធ្វេីជាទៀងទាត់ផ្លាស់ប្តូរវេនធ្វេីម្ចាស់ផ្ទះ ហេីយកិច្ចប្រជុំលេីកទី១៨នេះបានធ្វើការពិនិត្យ ពិភាក្សា លើបញ្ហាជារួមមួយចំនួនដូចជា៖
១.សភាពការណ៍គ្រឿងញៀន និង ស្ថានភាពបទល្មើសគ្រឿងញៀនក្នុងប្រទេសទាំងបី ពិសេសនៅតាមតំបន់ព្រំដែន
២.លទ្ធផល នៃកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើជំនាញសំខាន់ៗរួមមាន៖
-អប់រំផ្សព្វផ្សាយ
-អនុវត្តច្បាប់
-ការព្យាបាលស្តារនីតិសម្បទា
-ការស៊េីបអង្កេតរួមគ្នា និងការចែករំលែកផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញទៅមក
៣.កិច្ចសហការបង្រ្កាបបទល្មើសគ្រឿងញៀនតាមបណ្តាយព្រំដែនក្នុងពេលកន្លងមក
៤.ការផ្ទៀងផ្ទាត់ និងពិនិត្យព័ត៌មាន, ការបង្កើតករណីស៊ើបអង្កេតគ្រឿងញៀនដោយផ្អែកលើបញ្ជីឯកសារ, ការកត់ត្រាមុខសញ្ញាសង្ស័យដែលបានផ្តល់ដោយប្រទេសសមាជិក
៥.អនុសាសន៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងពេលអនាគត៕
ដោយ៖ ស្អាងជ័យ