ព័ត៌មានទាន់ហេតុការណ៍៖

វីវរហើយលោកត្រាំ ក្រសួងការពារជាតិអាមេរិក ក៏ចូលរួមក្នុងការស៊ើបអង្កេតជាមួយសភា

ចែករំលែក៖

ការស៊ើបអង្កេតឈានដល់ការចោទប្រកាន់ទោស ប្រធានាធិបតី ដូណាល់ ត្រាំ កាន់តែខិតជិត ចំពេលដែល លោកកំពុងឃោសនាបោះឆ្នោតឆ្នាំ​២០២០ ធ្វើឲ្យការគាំទ្រ លោកធ្លាក់ចុះយ៉ាងខ្លាំង ។

នៅពេលនេះរដ្ឋមន្ត្រីក្រសួងការពារជាតិ​អាមេរិក លោក​ Mark Esper ​កាលពីថ្ងៃទី​១៣ ខែតុលា បានប្រកាសថា មន្ទីរបញ្ចកោណ នឹងសហការស៊ើបអង្កេតនូវការចោទប្រកាន់ទោសលើលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្វើឡើងដោយគណបក្សប្រជាធិបតេយ្យ មានសំឡេងភាគច្រើន ក្នុងសភា ។

សារព័ត៌មាន​ CBS News ​បានដកស្រង់សម្តីលោក​ Mark Esper ​ដោយបានបញ្ជាក់ថា ក្រសួងការពារជាតិអាមេរិក នឹងសហការជាមួយ​សភា ដើម្បីស្វែងរកឯកសារពាក់ព័ន្ធ​នឹងការផ្អាកការផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន​។

ក្នុងថ្ងៃជាមួយគ្នានោះដែរ សារព័ត៌មាន​ Fox News ​បានដកស្រង់សម្តីរបស់លោក​ Esper ដែលបានបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាល និង លោកប្រធានាធិបតី ដូណាល់ ត្រាំ បានកាត់បន្ថយការផ្តល់ឯកសារនានា​ទៅឲ្យសភា។ ការលើកឡើងខាងលើ​របស់លោក​ Esper ​ក្រោយពេលដែលសេតវិមាន ប្រកាសមិនសហការជាមួយសភា នៅក្នុងសកម្មភាពស៊ើបអង្កេត ដើម្បីចោទប្រកាន់ទោសប្រធានាធិបតី ដូណាល់ ត្រាំ​។ លោក ត្រាំ បានបញ្ជាក់ថា ការស៊ើបអង្កេត គឺជាសកម្មភាពខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ។ លោក ត្រាំ ធ្លាប់បានចោទប្រកាន់ទៅលើការស៊ើបអង្កេតនោះថា នេះ គឺជាការធ្វើរដ្ឋប្រហារ​។

ការប្រកាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានកើតឡើង ក្រោយពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Mike Pompeo ​បានដាក់គំនាប រារាំងអតីតមន្ត្រី​ក្រសួងការបរទេស ចូលរួមការស៊ើបអង្កេត​ការចោទប្រកាន់ទោសលើលោកប្រធានាធិបតី ដូណាល់ ត្រាំ​។ សភា ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ បានចោទប្រកាន់លោកត្រាំ កេងប្រវញ្ចអំណាច ដោយស្នើដល់រដ្ឋាភិបាលអ៊ុយក្រែន ឲ្យស្រាវជ្រាវករណីអតីតអនុប្រធានាធិបតី Joe Biden ​ដែលជាបេក្ខភាពប្រធានាធិបតីអាមេរិក នៅក្នុងការ​បោះ​ឆ្នោត ឆ្នាំ​២០២០ ៕


ចែករំលែក៖