ក្រសួងការបរទេសចិន បានកោះហៅមន្ត្រីទូតអាមេរិកមកសួរនាំ ពាក់ព័ន្ធការអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីការពារសិទ្ធិមនុស្សនៅហុងកុង។ អនុរដ្ឋមន្ត្រីការបរទេសចិនលោក ម៉ា ចៅស៊ូ (Ma Zhaoxu) បានកោះហៅលោក វីលៀម ក្លេន (William Klein) មន្ត្រីទូតស្តីទីប្រចាំស្ថានទូតសហរដ្ឋអាមេរិក នៅរដ្ឋធានីប៉េកាំងមកធ្វើការស្រាយបំភ្លឺ ពាក់ព័ន្ធការអនុម័តសេចក្តីព្រាងច្បាប់ដោយព្រឹទ្ធសភាអាមេរិក ដើម្បីការពារសិទ្ធិមនុស្សនៅទីក្រុងហុងកុង ហើយប្រទេសចិនបានបង្ហាញការជំទាស់យ៉ាងខ្លាំងក្លា ចំពោះសេចក្តីព្រាងច្បាប់នេះ។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានថ្កោលទោសយ៉ាងខ្លាំងដល់ព្រឹទ្ធសភាអាមេរិក ដែលបានអនុម័តច្បាប់ស្តីពីសិទ្ធិមនុស្សនៅកោះហុងកុង ។ ជាមួយគ្នានេះទីក្រុងប៉េកាំងបានព្រមានថានឹងមានវិធានការតបតវិញប្រសិនបើច្បាប់ខាងលើ ត្រូវបានចុះហត្ថលេខាចូលជាធរមាន។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថាច្បាប់ខាងលើរបស់អាមេរិក គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកោះហុងកុង ក៏ដូចជារដ្ឋាភិបាលចិន ។ បញ្ហាកោះហុងកុងអាមេរិក មិនមានសិទ្ធិនៅក្នុងការលូកដៃនោះឡើយ។ មន្ត្រីការបរទេសចិនបានលើកឡើងថា ប្រសិនបើអាមេរិក នៅតែបន្តសកម្មភាពខុសឆ្គងរបស់ខ្លួន ចិននឹងមានវិធានការ ការពារដែនអធិបតេយ្យរបស់ខ្លួន ក៏ដូចជាផលប្រយោជន៍ និងការអភិវឌ្ឍន៍ជាតិ។
ការលើកឡើងខាងលើរបស់ចិនក្រោយពេលព្រឹទ្ធភាអាមេរិកបានអនុម័តច្បាប់ ស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកោះហុងកុង ដែលជាទីកន្លែងមានបាតុកម្មអូសបន្លាយជាច្រើនខែកន្លងមក។
បើទោះបីទីតាំងមួយចំនួនស្ថិតនៅក្នុងភាពចលាចល ប៉ុន្តែក្រុមយុវជនជាច្រើនបានចាប់ផ្តើមវិលត្រឡប់ទៅកាន់ជីវភាពរស់នៅធម្មតាវិញ ហើយសាលារៀនក៏បើកទ្វារ បន្តការសិស្សាឡើងវិញផងដែរ ក្រោយការបិទទ្វារ ជាងមួយសប្តាហ៍៕