នៅក្នុងឆ្នាំនេះអូស្ត្រាលីកត់សម្គាល់ឃើញសីតុណ្ហភាព កើនឡើងលើសពីរដូវក្តៅឆ្នាំមុនៗ ទើបប្រទេសនេះពិបាកនៅក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃ ជាទ្រង់ទ្រាយធំ ។ តាមការវាយតម្លៃ សីតុណ្ហភាព កើនឡើងជាងមុនដល់ទៅ២,១៧អង្សាសេ ។ កម្តៅកើនឡើងធ្វើឲ្យអូស្ត្រាលីខាតបង់ប្រាក់ ក្នុងវិស័យកសិកម្មរាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
ជាមួយគ្នានេះ ភ្លើងឆេះព្រៃតូចៗបានប្រមូលផ្តុំគ្នា ក្លាយជាភ្លើងឆេះព្រៃធំមួយ នៅតំបន់ភាគខាងជើងនៃទីក្រុងស៊ីដនី ហើយក្រុមអ្នកជំនាញពន្លត់អគ្គីភ័យអូស្ត្រាលីបានព្រមានថា វាអាចនឹងពិបាកគ្រប់គ្រង ឬក៏គ្រប់គ្រងមិនបានតែម្តង ខណៈអាកាសធាតុនៅអូស្ត្រាលី កំពុងតែក្តៅខ្លាំងខុសពីធម្មតា។
ក្រុមពន្លត់អគ្គីភ័យប្រចាំរដ្ឋ New South Wales បានបញ្ជាក់នៅថ្ងៃសុក្រនេះថា យ៉ាងហោចណាស់ភ្លើងឆេះព្រៃតូចៗចំនួន ០៨ បានប្រមូលផ្តុំគ្នាក្លាយជាភ្លើងឆេះព្រៃធំមួយ នៅក្នុងតំបន់ឧទ្យានជាតិក្នុងរដ្ឋនេះតែម្តង ដែលស្ថិតនៅភាគខាងជើងទីក្រុងស៊ីដនី។ សេចក្តីរាយការណ៍បានបន្តទៀតថា ភ្លើងកំពុងឆេះព្រៃប្រមាណ ៣០០,០០០ហិកតា នៅក្នុងតំបន់រង្វង់ ៦០គីឡូម៉ែត្រ ហើយកំពុងតែធ្វើឲ្យផ្សែងគ្របដណ្តប់ ទីក្រុងធំបំផុតរបស់អូស្ត្រាលីនេះ កាន់តែខ្លាំងឡើងៗ។
គួរបញ្ជាក់ថា តាមប្រធានក្រុមពន្លត់អគ្គីភ័យលោក Rob Rogers អ្វីដែលអាជ្ញាធរអាចធ្វើបាននៅពេលនេះ គឺត្រូវព្យាយាមជម្លៀសប្រជាជនដែលងាយរងគ្រោះ និងប្រមូលទ្រព្យសម្បត្តិយកទៅជាមួយ តាមដែលអាចធ្វើទៅរួច។ សម្រាប់ប្រទេសអូស្ត្រាលី គឺបាននិងកំពុងទទួលរងគ្រោះដោយភ្លើងឆេះព្រៃជាងមួយខែមកហើយ ក៏ព្រោះតែរដូវក្តៅហើយស្ងួតបានអូសបន្លាយខុសពីរាល់ឆ្នាំ៕