ទីក្រុងបាងកក៖ ថៃបានចាត់វិធានការតឹងតែងបំផុតក្នុងការត្រួតពិនិត្យពលរដ្ឋមកពីប្រទេសកូរ៉េខាងត្បូង ដោយត្រូវឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ កន្លងមក មានពលរដ្ឋប្រមាណ៨០នាក់មកពីកូរ៉េខាងត្បូង ប៉ុន្តែបានគេចចេញពីការត្រួតពិនិត្យ រកវីរុសផ្លូវដង្ហើម ក្នុងអាកាសយានដ្ឋាន សុវណ្ណភូមិ។ ក្រសួងសុខាភិបាលថៃបានព្រមានថាក្នុងរយៈពេល៣ថ្ងៃ បើអ្នកទាំងនោះមិនមកត្រួតពិនិត្យនិងគោរពទៅតាមគោលការណ៍កាត់ផ្តាច់១៤ថ្ងៃនោះ នឹងរងការពិន័យយ៉ាងធ្ងន់។ ថៃនឹងចោទប្រកាន់ពីបទចម្លងមេរោគ។
រដ្ឋលេខាធិការក្រសួងសុខាភិបាលថៃ លោក សាធីត ពីទូតេចា (Sathit Pitutecha) បានបញ្ជាក់ថា៖ អត្តសញ្ញាណអ្នកទាំងនោះបានស្គាល់ហើយ នឹងរកឃើញក្នុងពេលខាងមុខ បើមិនបង្ហាញខ្លួនទេនោះ។ លោកបន្តទៀតថា៖ ក្នុងករណីក្រុមសន្តិសុខរកឃើញ នឹងត្រូវជាប់គុកយ៉ាងតិច១ឆ្នាំ ហើយបង់ផាកពិន័យ ដល់ទៅ២សែនបាត ប្រមាណ៦៣០០ដុល្លារ។
ពលករថៃ ឬពលរដ្ឋដែលមានប្រវត្តិ មកពីតំបន់ Daegu កូរ៉េខាងត្បូង និងត្រូវកាត់ផ្តាច់រយៈពេល១៤ថ្ងៃនៅក្នុង ទីតាំងទាហានជើងទឹកក្នុងខេត្ត ចន បុរី៕ ម៉ែវ សាធី