ព័ត៌មានទាន់ហេតុការណ៍៖

ថៃនឹងដាក់ទោសជាប់គុក១ឆ្នាំនិងបង់ប្រាក់ពិន័យ អ្នកដែលគេចចេញពីតំបន់កាត់ផ្តាច់ដើម្បីតាមដានកូវីដ-១៩

ចែករំលែក៖

ទីក្រុងបាងកក៖ ថៃបានចាត់វិធានការតឹងតែងបំផុត​ក្នុងការត្រួតពិនិត្យពលរដ្ឋ​មកពីប្រទេសកូរ៉េខាងត្បូង ដោយត្រូវឲ្យនៅដាច់ដោយឡែករយៈពេល​១៤ថ្ងៃ។ កន្លងមក មានពលរដ្ឋប្រមាណ​៨០នាក់​មកពីកូរ៉េខាងត្បូង ប៉ុន្តែបានគេចចេញពីការត្រួតពិនិត្យ រកវីរុសផ្លូវដង្ហើម ក្នុងអាកាសយានដ្ឋាន សុវណ្ណភូមិ​។​ ក្រសួងសុខាភិបាលថៃបានព្រមានថាក្នុងរយៈពេល​៣ថ្ងៃ បើអ្នកទាំងនោះមិនមកត្រួតពិនិត្យ​និងគោរពទៅតាមគោលការណ៍កាត់ផ្តាច់​១៤ថ្ងៃនោះ នឹងរងការពិន័យយ៉ាងធ្ងន់។ ថៃនឹងចោទប្រកាន់ពីបទចម្លងមេរោគ​។
រដ្ឋលេខាធិការក្រសួងសុខាភិបាលថៃ លោក សាធីត ពីទូតេចា (Sathit Pitutecha) បានបញ្ជាក់ថា៖ អត្តសញ្ញាណអ្នកទាំងនោះ​បានស្គាល់ហើយ នឹងរកឃើញក្នុងពេលខាងមុខ​ បើមិនបង្ហាញខ្លួនទេនោះ​។ លោក​បន្តទៀតថា៖ ក្នុងករណីក្រុមសន្តិសុខរកឃើញ នឹងត្រូវជាប់គុកយ៉ាងតិច​១ឆ្នាំ ហើយបង់ផាកពិន័យ ដល់ទៅ​២សែនបាត ប្រមាណ​៦៣០០ដុល្លារ​។
ពលករថៃ ឬពលរដ្ឋដែលមានប្រវត្តិ មកពីតំបន់​ Daegu ​​កូរ៉េខាងត្បូង និងត្រូវកាត់ផ្តាច់រយៈពេល​១៤ថ្ងៃ​នៅក្នុង ទីតាំង​ទាហានជើងទឹក​ក្នុងខេត្ត​​​ ចន បុរី៕ ម៉ែវ សាធី


ចែករំលែក៖