ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករក្លិបបាល់ទាត់Barcelonaយល់ព្រមកាត់ប្រាក់ខែរបស់ខ្លួនចំនួន៧០%

ចែករំលែក៖

 

កីឡាករបាល់ទាត់ទាំងអស់របស់ក្លិបយក្សអេស្ប៉ាញBarcelonaបានយល់ព្រមកាត់ប្រាក់ខែរបស់ខ្លួន៧០ភាគរយនៅក្នុងពេលដែលមានវិបត្តិនៃការឆ្លងវីរុសកូរ៉ូណាកាន់តែខ្លាំងឡើង ហើយដើម្បីជួយឲ្យបុគ្គលិកផ្សេងៗនៅក្នុងក្លិបបានប្រាក់ខែពេញ។

ខ្សែប្រយុទ្ធអាហ្ស៊ង់ទីនLionel Messi បានថ្លែងថា ការប្រកាស់កាត់ប្រាក់ខែនេះធ្វើឡើងយឺតបន្តិចដោយសារតែពួកគេចង់បានរូបមន្តមួយដែលអាចជួយក្លិបទាំងមូលបាន។ គាត់បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លិបថា “មុនពេលមានរឿងជាច្រើនទៀត យើងសូមបញ្ចាក់នៅពេលនេះថា កីឡាករទាំងអស់យល់ព្រមកាត់ប្រាក់ខែរបស់ខ្លួនដោយសារពួកយើងយល់ថាយើងស្ថិតនៅក្នុងស្ថានការណ៏ដ៏លំបាកមួយ។ ក្នុងនាមជាកីឡាករ ពួកយើងនឹងនៅទីនេះដើម្បីជួយដល់ក្លិប។”

នៅពេលជាមួយគ្នានេះក្រុមប្រឹក្សាភិបាលរបស់ក្លិបក៏បានយល់ព្រមកាត់បន្ថយប្រាក់ខែរបស់ខ្លួនផងដែរ។ ចំណែកលោក Maurizio Sarriអ្នកចាត់ការទូទៅក្លិបសេះបង្កង់ Juventusរបស់អីុតាលី បានប្រកាសកាលពីសប្តាហ៏មុនថាគាត់យល់ព្រម មិនយកប្រាក់ខែរបស់គាត់ចំនួន៤ខែ។

ក្លិបយក្សរបស់អាល្លឺម៉ង Borussia Dortmundឯណោះវិញក៏បានបញ្ជាក់ថាពួកគេយល់ព្រមកាត់ប្រាក់ខែរបស់ពួកដើម្បីចូលរួមទបស្កាត់វិបត្តិនៃការឆ្លងវីរុសកូរ៉ូណានេះ។

គួរបញ្ជាក់ថា អេស្ប៉ាញមានអ្នកស្លាប់ដោយសារCovid-19 ចំនួន 7,340 ឈរនៅលេខបន្ទាប់ពីអីុតាលី៕


ចែករំលែក៖