ការឆ្លងរាលដាលកូវីដ-១៩នៅក្នុងទ្វីបអាមេរិកកើនឡើងខ្ពស់ គឺជាក្តីបារម្ភយ៉ាងខ្លាំង ដោយសារតំបន់អាហ្វ្រិកភាគច្រើនជាពលរដ្ឋក្រីក្រ កង្វះអនាម័យ ។ ប៉ុន្តែក្រុមអ្នកជំនាញបានលើកឡើងថា ក្រោយពេលអាហ្វ្រិកបានប្រឈមនឹងជំងឺរាតត្បាតជាច្រើនកន្លងមក ដូចជា អីប៊ូឡា ជាដើម ពលរដ្ឋក៏មានការយល់ដឹងខ្ពស់ពីវិធីសាស្ត្រការពារផងដែរ។
យោងតាម មជ្ឈមណ្ឌលត្រួតពិនិត្យនិងគ្រប់គ្រងជំងឺឆ្លងនៅក្នុងទ្វីបអាហ្វ្រិក (CDC ) នៅថ្ងៃទី៦ខែមេសា បានប្រកាសថា ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅក្នុងទ្វីបអាហ្វ្រិកកើនឡើងដល់ទៅ៣៦០នាក់ និងឆ្លងរាលដាលដល់មនុស្សជាង៨៥០០នាក់ ។
ប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតនោះគឺ អាហ្វ្រិកខាងត្បូង ដែលមានអ្នកឆ្លង កូវីដ-១៩ កើនឡើងដល់ ១៥៨៥នាក់។ លំដាប់ទីពីរ គឺ អាលហ្សឺរី មានអ្នកឆ្លង ១១៧១នាក់ និងទី៣គឺអេហ្ស៊ីប មានអ្នកឆ្លង ១១៧០នាក់…។ ទន្ទឹមនឹងនោះនៅតំបន់អាហ្វ្រិក ក៏មានអ្នកជាសះស្បើយពីវីរុស កើនឡើងដល់៧១០នាក់ផងដែរ។
សារព័ត៌មាន VGP NEWS បានដកស្រង់ ការប្រកាសរបស់CDC អាហ្វ្រិក នៅថ្ងៃទី៦ខែមេសា បានបញ្ជាក់ថា សហគមន៍ទ្វីបអាហ្វ្រិក មាន៥៥ប្រទេសជាសមាជិក ប៉ុន្តែមានដល់ទៅ៥០ប្រទេសហើយដែលបានឆ្លងកូវីដ-១៩។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងទ្វីបអាហ្វ្រិកមាន ៧៩៥នាក់ និងអ្នកស្លាប់ ៤៧នាក់។
លោក Josep Borrell ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសរបស់សហគមន៍អាហ្វ្រិក បានបញ្ជាក់ថា បើមិនមានវិធានការទប់ស្កាត់តឹងតែងនោះទេ កូវីដ-១៩អាចឈានដល់ដំណាក់កាលលើសពីសមត្ថភាពគ្រប់គ្រង។ នៅថ្ងៃ ទី៨ ខែមេសា ឆ្នាំ២០២០ រដ្ឋមន្ត្រីការបរទេសសហគមន៍ទ្វីបអាហ្វ្រិកនឹងបើកកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់រួម ៕ ធីរីណា