ប្រទេសថៃ៖ថៃរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែកូវីដ១៩ នៅពេលនេះ ព្រះមហាក្សត្រថៃ ទ្រង់រាជានុញ្ញាតច្បាប់ ចំណាយប្រាក់ជួយស្រោចស្រង់សេដ្ឋកិច្ចជាតិ។ ព្រះអង្គបានចុះព្រះហស្ថលេខាលើច្បាប់ចំណាយ រហូតដល់១,៩ពាន់ពាន់លានបាត ប្រមាណ៥៨ពាន់លានដុល្លារអាមេរិក ជួយកាត់បន្ថយនូវផលប៉ះពាល់លើសេដ្ឋកិច្ច។
ព័ត៌មានស្តីពី ការអនុញ្ញាតចំណាយប្រាក់ខាងលើ ត្រូវបានផ្សព្វាយនៅលើគេហទំព័រ Royal Gazette កាលពីថ្ងៃទី១៩ ខែមេសា។ កាលពីសប្ដាហ៍កន្លងទៅ គណ:រដ្ឋមន្រ្ដីថៃ បានអនុម័តនូវវិធានការចាំបាច់ ដើម្បីអនុញ្ញាតរដ្ឋាភិបាលខ្ចីលុយ រហូតដល់ទៅ១ពាន់ពាន់លានបាត (1 trillion baht ) សម្រាប់ចំណាយលើវិស័យសុខាភិបាលសាធារណ: និងបង្កើតការងារដល់ពលរដ្ឋ។
ជាមួយគ្នានេះដែរ ធនាគាររបស់ប្រទេសថៃ ក៏មានថវិកាបម្រុង រហូតដល់ទៅ៥០០ពាន់លានបាត ដើម្បីអនុញ្ញាតឲ្យអាជីវកម្មធុនតូចខ្ចី ហើយ៤០០ពាន់លានបាតទៀត សម្រាប់ជាមូលនិធិទ្រទ្រង់ដល់ទីផ្សារបំណុលពីអាជីវកម្ម។
ការរាតត្បាតដោយកូវីដ១៩នេះ បានធ្វើឲ្យវិស័យទេសចរណ៍ថៃ ខាតបង់ អស់រហូតដល់១,៣ពាន់ពាន់លានបាត និងបាត់បង់ការងាររហូតដល់១០លាននាក់។បើគិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា នៅក្នុងប្រទេសថៃ មានអ្នកឆ្លងកូវីដ១៩ ចំនួន២៧៦៥នាក់ ក្នុងនោះជាសះស្បើយ១៩២៨នាក់ និងស្លាប់៤៧នាក់៕