អង់គ្លេស៖ ខ្សែប្រយុទ្ធ Wayne Rooney បានបំបែកកំណត់ត្រារបស់អតីតវីរបុរសអង់គ្លេស Bobby Charlton ក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Man United និងក្រុមជម្រើសជាតិអង់គ្លេស។ ប៉ុន្តែកីឡាករវ័យ៣៤ឆ្នាំ ជឿជាក់ថាកំណត់ត្រារបស់គេនេះ មិនយូរមិនឆាប់ខ្សែយុទ្ធបច្ចុប្បន្ន Harry Kane នឹងបំបែកបានជាមិនខាន ។
ខ្សែប្រយុទ្ធ Wayne Rooney បច្ចុប្បន្នជាកីឡាករ និងគ្រូបង្វឹកក្លិប Derby County បានពន្យល់ “ខ្ញុំជឿវាមិនចំណាយពេលយូរទេសម្រាប់ Harry Kane ដើម្បីបំបែកកំណត់ត្រារកគ្រាប់បាល់នៅអង់គ្លេសរបស់ខ្ញុំ។ វានឹងជាពេលដ៏មានមោទកភាពសម្រាប់ខ្ញុំ ។ ខ្ញុំពិតជាមានមោទកភាព ដែលបានក្លាយជាអ្នកបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រឱ្យក្លិបបិសាចក្រហម និងអង់គ្លេស”។
កីឡាកររូបនេះបានបន្តថា «ខ្ញុំលេងឱ្យ United អស់ ១៣ឆ្នាំ អង់គ្លេស ១៥ឆ្នាំ។ ខ្ញុំបានបំបែកកំណត់ត្រាទាំងនោះ បើក្រឡេកទៅក្រោយវិញ ខ្ញុំគួរតែរកបានច្រើនជាងនេះ»។
កាលពីនៅលេងឲ្យក្រុមបិសាចក្រហម Rooney លេងបាន៥៥៩ប្រកួត រកបាន២៥៣គ្រាប់ និងបង្ហាញខ្លួនបាន ១២០ប្រកួត រកបាន៥៣គ្រាប់ឱ្យក្រុមជម្រើសជាតិអង់គ្លេស។ ចំណែក Bobby Charlton បង្ហាញខ្លួន៦០៦ប្រកួត រកបាន ១៩៩គ្រាប់ និង១០៦ប្រកួតរកបាន៤៩គ្រាប់ ឲ្យជម្រើសជាតិអង់គ្លេស។ ចំណែក Harryបង្ហាញខ្លួនឱ្យជម្រើសជាតិអង់គ្លេស៤៥ប្រកួត រកបាន៣២គ្រាប់៕ ដោយ៖ភារៈ