ខេត្តបាត់ដំបង៖ រោងឆ្អើរត្រីមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង ខណៈដែលម្ចាស់ផ្ទះឆ្អើរត្រីទុកចោលគ្មានអ្នកមើល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្រុមទី១៤ ក្នុងភូមិកៀនកែស ២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ឈួន ធុច ភេទប្រុស អាយុ៥៥ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ មូលហេតុ៖ ឆ្អើរត្រី ពេលខ្លាញ់ត្រីស្រក់ចូលរងើកភ្លើង បណ្តាលឱ្យឆាបឆេះតែម្តង ។ ប៉ុន្តែក្នុងហេតុការណ៍នេះ មិនមានរងរបួសដល់មនុស្សឡើយ ។ មន្រ្តីដដែលបន្តថា សម្ភារខូចខាតរួមមាន៖ រោងចង្អើរត្រី០១ខ្នងទំហំ ៥ម៉ែត្រ គុណនឹង១២ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ខូចខាតទាំងស្រុង , ត្រីដាក់ឆ្អើរចំនួន ៧០០kg , លុយបាត ៥១២០ បាត , លុយដុល្លារ ២០០$ , លុយខ្មែរ ៩៥០០០៛ សន្លឹកអត្តសញ្ញាណប័ណ្ណ២សន្លឹក ,កងដៃប្លាទិនកូនក្មេង ២ វង់ ។ តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរខាង បានឲ្យដឹងថា ក្នុងហេតុការណ៍នោះ គេឃើញម្ចាស់ផ្ទះ និងបងប្អូនជិតខាង បានយកម៉ូទ័របូមទឹកបាញ់ពន្លត់ដែល តែមិនអាចគ្រប់គ្រងស្ថានការបានក៏នាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចេញរថយន្តពន្លត់អគ្គិភ័យ០១គ្រឿង ជួយធ្វើអន្តរាគមន៍បាញ់រហូតរលត់ទៅវិញ ។ ក្រោយកើតហេតុ រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់ទឹកអស់ ០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍បាន មិនឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ៕សហការី