ភ្នំពេញ ៖ ជនជាតិចិនម្នាក់បើករថយយន្តស៊េរីទំនេីបុកម៉ូតូសណ្តោងរុឺម៉កពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រឡាប់រាយប៉ាយរបស់របបពេញផ្លូវ បណ្តាលឲ្យប្ដី ប្រពន្ធនិងកូនស្រីរងរបួស ហើយអ្នកបើករថយន្តព្យាយាមបេីករត់ តែត្រូវសមត្ថកិច្ចខណ្ឌមានជ័យដេញឃាត់បានទាំងរថយន្ត និងអ្នកបើកបរបានមកវិញ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អេីលឡើងកាលពីម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្បែរប៉ុស្ដិ៍នគរបាលចាក់អង្រែលេី ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសម្ដីស្ត្រីជនរងគ្រោះជាប្រពន្ធបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ រូបគាត់-ប្ដី និងកូនស្រីម្នាក់ ជិះម៉ូតូសណ្តោងរុឺម៉ក ចេញពីលក់ដូរនៅផ្សារកាប់គោ គោលបំណងមកផ្ទះវិញនៅសង្កាត់ចាក់អង្រែក្រោម ខណះមកដល់កន្លែងកេីតហេតុស្រាប់តែឃេីញរថយន្តម៉ាក អូឌី Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-5878 បេីកបរដោយបុរសជនជាតិចិនម្នាក់ធ្វេីដំណេីរមកពីក្រោយយ៉ាងលឿន រួចក៏បុកម៉ូតូរុឺម៉ករបស់គាត់ពេញទំហឹង បណ្ដាលឲ្យក្រឡាប់ចាក់ចោលសម្ភារៈលក់ដូរ រាយប៉ាយពេញផ្លូវ ហើយរូបគាត់ ប្ដីនិងកូនស្រី រងរបួសស្រាល ។
ស្ត្រីរងគ្រោះបន្តថា ក្រោយកេីតហេតុភ្លាមៗ អ្នកបេីករថយន្តបង្កមិនបានឈប់ដោះស្រាយទទួលខុសត្រូវនោះទេ បានព្យាយាមបេីករត់រហូតមកដល់មុខបុរី វីឡាថោន ជាប់ផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃេីញនិងជួយដេញឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានជួយសម្រួលដល់អ្នកបើករថយន្តបង្ក និងជនរងគ្រោះ ដោយភាគីខាងរថយន្តបង្កព្រមចេញថ្លៃសំណងខូចខាតទៅលេីភាគីរងគ្រោះ ចំនួន២ពាន់ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ជ្រោយពេជ្រ