ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធការកាប់បំផ្លាញរុក្ខជាតិក្នុងតំបន់ស្ដារអេកូឡូស៊ីឡើងវិញ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានសម្រេចឃុំខ្លួនបុរស៣នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្នពីបទកាប់បំផ្លាញរុក្ខជាតិក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ នៃដែនជម្រកសត្វព្រៃភ្នំព្រេច តាមបញ្ញត្តិមាត្រា៦០ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

ជនត្រូវចោទមាន១.ឈ្មោះ ស រិត ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ, ២.ឈ្មោះឡាយ រដ្ឋា ភេទប្រុស អាយុ៥៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអន្ទ្រងសាមគ្គី ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និង៣.ឈ្មោះដូង ឃី ភេទប្រុស អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអន្លង់គល់ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ជនទាំង៣នាក់នេះត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ចាប់ឃាត់ខ្លួនបានបន្ទាប់ពីពួកគេទាំង៣នាក់កំពុងធ្វើសកម្មភាពប្រើប្រាស់រណារយន្តអារច្រៀកនិងកាប់រំលំដើមឈើចំនួន៥ដើម ជាប្រភេទឈើលេខ១ (សុក្រំ ផ្ចឹក និងស្រឡៅ) នៅចំណុចអូរពង្រ ឋិតក្នុងភូមិអន្ទ្រងសាមគ្គីសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។

វត្ថុតាងដែលមន្រ្តីឧទ្យានុរក្សដកហូតបានរួមមាន រណារយន្តចំនួន៣គ្រឿង គោយន្តកន្រ្តៃចំនួន១គ្រឿង និងដើមឈើអារច្រៀកចំនួន៥ដើម(មិនទាន់បានវាស់វែង)។ បន្ទាប់ពីសាកសួររួច មន្រ្តីឧទ្យានុរក្សបានកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធីនៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ៕ដោយ៖ សហការី


ចែករំលែក៖