ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ក្រសួងការងារ សម្រេចបញ្ចប់ការត្រួតពិនិត្យសុខភាពកម្មករដែលចូលធ្វើការវិញ ក្រោយឈប់សម្រាកការងារឱកាសចូលឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការងារ បានសម្រេចបិទបញ្ចប់ ការត្រួតពិនិត្យសុខភាពដល់កម្មករ ដែលត្រឡប់ចូលធ្វើការវិញ បន្ទាប់ពីឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរកន្លងទៅនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ។

តាមសេចក្តីប្រកាសនេះ ក្រសួងការងារ បានបញ្ជាក់ថា គិតចាប់ពីយប់ថ្ងៃទី០៩ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសានេះ គឺមានរយៈពេលលើស ១៤ថ្ងៃ ហើយក្នុងអំឡុងពេលនេះ ក្រសួងសុខាភិបាលក៏ពុំបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី និងយោងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តសំណាកទាំង១២៥ករណី ក្រសួងសម្រេចបញ្ចប់ការត្រួតពិនិត្យសុខភាព ចាប់ពីម៉ោង ៦:០០នាទីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ដោយរក្សាទុកតែមណ្ឌលចត្តាឡីស័កកម្រិត២ ក្នុងវិទ្យាល័យជម្ពូវ័ន ដើម្បីបន្តតាមដានស្ថានភាពសុខភាពកម្មករចំនួន ២០នាក់តទៀត រហូតដល់ស្ថានភាពសុខភាពអ្នកទាំងនេះអាចទៅធ្វើចត្តាឡីស័កនៅតាមផ្ទះបាន ។

សេចក្តីប្រកាសរបស់ក្រសួងការងារ បានបញ្ជាក់ថា៖ ក្រោយការបិទបញ្ចប់មណ្ឌលត្រួតពិនិត្យសុខភាពកម្មកររោងចក្រទាំង ១០កន្លែងនេះ ប្រសិនជាបងប្អូនកម្មករមានអាការៈសង្ស័យណាមួយ សូមទាក់ទងទៅក្រសួងសុខាភិបាលតាមរយៈលេខ ១១៥ ឬទូរស័ព្ទលេខ ០១២ ៨២៥ ៤២៤។

សូមបញ្ជាក់ថា នាពេលកន្លងមកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងសុខាភិបាល, រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ រៀបចំមណ្ឌលត្រួតពិនិត្យសុខភាព ចំនួន១០កន្លែង និងមណ្ឌលចត្តាឡីស័ក ចំនួន ៣កន្លែង ដើម្បីត្រួតពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ និងទើបវិលត្រឡប់ចូលបម្រើការងារវិញ។

រយៈពេល១៤ថ្ងៃមកនេះ ក្រសួង និងភាគីពាក់ព័ន្ធបានពិនិត្យសុខភាពកម្មករ ចំនួន ៥ ០៤៥នាក់, ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន ៤ ៨២៣នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន ៩៧នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន ១២៥នាក់, និងយកសំណាកទៅពិសោធបន្ត ចំនួន ១២៥នាក់ ដោយមានលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១២៥នាក់, និងអនុញ្ញាតឱ្យចេញពីមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ សរុបចំនួន ២០២នាក់ ទៅធ្វើចត្តាឡីស័កបន្តនៅតាមផ្ទះ៕ហេង សូរិយា


ចែករំលែក៖