ខេត្តបន្ទាយមានជ័យ ៖ដើម្បីរកទីផ្សារនិងស្វែងរកការគាំទ្រផលិតកម្មកសិកម្មរបស់ប្រជាកសិករទូទាំងខេត្តឲ្យបានកាន់តែប្រសើរ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំរកដំណោះស្រាយបញ្ហានេះនៅសៀលថ្ងៃទី២៧ ខែមេសាឆ្នាំ ២០២០ ដោយមានការចូលរួម ពីលោកលី សារី អភិបាលរងខេត្តលោកប៉ុកឡាជីប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើននាក់។
ក្នុងកិច្ចប្រជុំនោះលោក ប៉ុក ឡាជី បានមានប្រសាសន៍ថាសព្វថ្ងៃនេះមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីពាក់ព័ន្ធកំពុងអនុវត្ត គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដើម្បីទាក់ទាញទំនុកចិត្តពីដៃគូអភិវឌ្ឍន៍ និងបង្កើនប្រាក់ចំណូលជូនដល់ប្រជាកសិករក្រីក្រ នៅក្នុងខេត្ត។លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាបំណងរបស់គម្រោងផ្តោតសំខាន់លើការអភិវឌ្ឍលើការវាយតម្លៃផលិតផល មានដូចជា ស្រូវ ដំឡូងមី មាន់ស្រែ បន្លែ ដោយតភ្ជាប់ជាមួយផលិតកម្ម ជាមួយទីផ្សារទាំងអស់ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
លោកបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថាការដាំដុះដំណាំនិងចិញ្ចឹមសត្វក្នុងស្រុកនោះដើម្បីផ្គត់ផ្គង់លើការហូបចុកប្រចាំថ្ងៃរបស់ប្រជាកសិករ និង ក៏ចង់បង្ហាញស្នាដៃរបស់ខ្មែរផលិតក្នុងស្រុកដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋជាតិ អន្តរជាតិឲ្យបានដឹងហើយក៏ ចង់ទាក់ទាញអ្នកវិនិយោគ ក្នុងស្រុកនិងក្រៅស្រុកឲ្យ ងាកមកគាំទ្រការដាំដំណាំក្នុងស្រុក ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរពិតៗ ក៏ដូចជាជួយស្វែងរកទីផ្សារដល់អ្នកដាំទៀតផង។
លោកបានបញ្ជាក់ឲ្យដឹងទៀតថាការដាំដុះដំណាំទូទៅ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់លើការហូបចុកនេះចង់ឲ្យជនជាតិបរទេសមកចាប់អារម្មណ៍លើការដាំដុះរបស់ខ្មែរនិងក៏ដូចធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ឲ្យគេបានស្គាល់ពីស្នាដៃរបស់ខ្មែរដែលបានបន្សល់ទុកតាំងពីដូនតាយើងជាយូរមកហើយពិសេសយើងទាំងអស់គ្នាត្រូវជួយគាំទ្រការដាំដុះបន្លែគ្រប់មុខរបស់យើង ជាជាងយកបន្លែមកពីក្រៅស្រុក មកប្រើប្រាស់ដែលជាហេតុនាំឲ្យអាជីវករអ្នកដាំដុះបាក់ទឹកចិត្តក្នុងការដាំដុះ នឹងត្រូវចូលរួមលុបបំបាត់ការនាំចូលបន្លែដឹកចូលមកពីប្រទេសជិតខាង ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងខ្លួនយើងទៀតផង ។
ក្នុងឧិកាសនោះដែរលោក លី សារី បានមានប្រសាសន៍ថាអ្វីដែលជាការចង់បានរបស់ប្រជាកសិករគឺប្រាក់ចំណូលយើងត្រូវធ្វើឲ្យប្រាកដថា កសិករនឹងមិនដួលរលំ ឬបរាជ័យក្នុងមុខរបរដាំដុះបន្លែ ចចិញ្ចឹមសត្វនេះឡើយ។ ដូច្នេះសូមមន្ត្រីទាំងអស់ ប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន និងនិងចូលរួមជាមួយប្រជាកសិករឲ្យបានម៉ត់ចត់បំផុត។
លោកបានបញ្ជាក់ឲ្យដឹងទៀតថាគោលបំណងសំខាន់នៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីពិនិត្យឡើងវិញ ដោយផ្តោតទៅលើការវាយតម្លៃគ្រប់ជ្រុងជ្រោយការដាំដុះរបស់
ប្រជាសកិករការដាំដុះ ចិញ្ចឹមសត្វ ការកំណត់នូវបញ្ហាប្រឈម ប្រតិបត្តិការបច្ចេកទេស និងហានិភ័យ ដែលអាចជះឥទ្ធិពលដល់គោលដៅអភិវឌ្ឍន៍គម្រោងការជំរុញទីផ្សារសម្រាប់គាំទ្រផលិតកម្មកសិកម្មរបស់ប្រជាកសិករទូទាំងខេត្ត៕ដោយ៖ប្រាថ្នា