ខេត្តកំពង់ធំ៖កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ និង អភិរក្សរបស់អង្គការសម្ព័ន្ធសត្វព្រៃ និង ធម្មជាតិ នៅកម្ពុជា បានស្រាវជ្រាវរកឃើញ សត្វល្មូនមួយប្រភេទថ្មី គឺអម្បូរសត្វតុកែ ដែលពិភពលោកគ្មានទាល់តែសោះ គឺមានតែនៅក្នុងប្រទេសកម្ពុជាយើងប៉ុណ្ណោះ ហើយត្រូវបានរកឃើញនៅក្នុងព្រៃឡង់ ខេត្តកំពង់ធំ ហើយត្រូវបានដាក់ឈ្មោះជាភាសារខ្មែរថា «តុកែជើងកោង ភ្នំជី»។
លោក នាង ធី អ្នកសម្របសម្រួលរបស់អង្គការសម្ព័ន្ធសត្វព្រៃ និង ធម្មជាតិ និងជាអ្នកបានចូលរួមស្រាវជ្រាវដោយផ្ទាល់ផងនោះបានឱ្យដឹងនៅចុងសប្តាហ៍មុនថា ក្រុមការងាររបស់លោកបាន ស្រាវជ្រាវយ៉ាងយូរ នៅក្នុងតំបន់ព្រៃឡង់ ហើយជាលទ្ធផលក៏បានឃើញល្មូនមួយប្រភេទ ជាអម្បូរសត្វ តុកែ ដ៏ចម្លែកមួយប្រភេទ នៅក្នុងព្រៃឡង់ ក្នុងខេត្តកំពង់ធំ តំបន់ភ្នំជី ។
ក្រោយពីចុះស្រាវជ្រាវអស់រយៈពេល ០៥ថ្ងៃ ពិសេសនៅពេលយប់ នៅតំបន់ភ្នំជី ក្រុមការងាររបស់លោកបានប្រទះឃើញសត្វ តុកែ មួយប្រភេទនេះដែលអ្នកស្រុកនៅទីនេះមិនដែលបានឃើញពីមុនមកឡើយ ។ ឆ្លងតាមការតាមដាន និងស្រាវជ្រាវ ឃើញថា សត្វតុកែ នេះវាចេញរកស៊ីសត្វល្អិតតែពេលយប់ ទើបប្រជាពលរដ្ឋនៅតំបន់ភ្នំជីនោះមិនដែលបានឃើញវាឡើយ ។
ក្រោយពីធ្វើផ្ទៀងផ្ទាត់ជាមួយអម្បូរសត្វ តុកែ នៅបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោក និង បានផ្ញើរូបសំណាក់ទៅធ្វើការបន្ថែមនៅសហរដ្ឋអាមេរិក ឃើញថា មិនមានសត្វ តុកែ នៅប្រទេសណាមួយដូចប្រភេទសត្វ តុកែ នេះឡើយ ទើបក្រុមអ្នកស្រាវជ្រាវពិភពលោក ដាក់ឈ្មោះថា «តុកែជើងកោង ភ្នំជី» ៕
ដោយ៖ហេង សូរិយា