ភ្នំពេញ៖ អ្នកវិទ្យាសាស្រ្ត បានអះអាងអំពីការរកឃើញជាថ្មីនូវប្រភេទខ្យងកម្រមួយប្រភេទ នៅក្នុងទឹកដីនៃព្រះ រាជាណាចក្រកម្ពុជា ។ នេះបើតាមសេចក្តីរាយការណ៍នៅក្នុងព្រឹត្តិប័ត្រព័ត៌មាន ប្រវត្តិធម្មជាតិនៃកម្ពុជា(Cambodian Journal of Natural History)អង្គការអន្ដរជាតិប្រចាំកម្ពុជាដែល បានចេញផ្សាយកាលពីថ្ងៃទី១០ខែឧសភា ឆ្នាំ២០២០នេះ ។
តាមសេចក្ដីរាយការណ៍នៅក្នុងព្រឹត្តិបត្រនោះបានឲ្យដឹងថា៖ ខ្យងកម្រមួយប្រភេទនេះ វាមានឈ្មោះវិទ្យាសាស្រ្តថា Bertia camb ojiensis ដែលអាចត្រូវគេហៅថា ខ្យងដីយក្ស ។
ប្រភពបានបន្តទៀតថា ខ្យងមួយប្រភេទនេះ ត្រូវបានកត់ត្រាដំបូងនៅក្នុងប្រទេសកម្ពុជា តាំងតែពីឆ្នាំ១៨៦០ ដោយអ្នកវិទ្យាសាស្រ្តបរទេស ហើយបច្ចុប្បន្នត្រូវបានគេកត់ត្រានៅក្នុងបញ្ជីនៃសត្វដែលជិតផុតពូជ ប៉ុន្តែគេបានរកឃើញវត្តមានរបស់វាជាថ្មីនៅអូររាំង ខេត្តមណ្ឌលគីរី ។ កន្លែងដែលរកឃើញវត្តមាននៃសត្វខ្យងកម្រប្រភេទនេះ គឺជាផ្នែកមួយនៃតំបន់ដែនជម្រកសត្វព្រៃកែវសីមា ដែលគេដឹងថា គឺជាកន្លែងអភិរក្សធម្មជាតិ ដែលត្រូវបានប្រកាសដោយរាជរដ្ឋាភិបាល ជាពិសេសគឺក្រសួងបរិស្ថានកាលពីឆ្នាំ២០១៦ ៕ សំរិត