ភ្នំពេញ៖ យ៉ាងតិចមានជនរងគ្រោះចំនួន៤នាក់ បានចាញ់បោក បុគ្គលឈ្មោះ ថន ថាវណ្ណ ក្នុងម្នាក់ចាប់ពី៧០០០ដុល្លារ ទៅ៧៧០០ដុល្លារ ដល់ជាង៩០០០ដុល្លារ មានទំនុកចិត្តថាបានចូលក្របខ័ណ្ឌដោយស្របច្បាប់ សុខចិត្តខ្ចីបុល ចងការធនាគារជាដើម។ ប៉ុន្តែទីបំផុតមកដល់បច្ចុប្បន្ន១ឆ្នាំ៣ខែទៅហើយ មិនបានចូលក្របខ័ណ្ឌ លុយក៏បាត់បង់ ជនខាងលើគេចខ្លួន បិទទូរស័ព្ទ មិនចូលផ្ទះ ដែលពួកគាត់យល់ឃើញថា នេះជាចេតនាទុច្ចរិត របស់ឈ្មោះ ថន ថាវណ្ណ ប្រើល្បិចបោកប្រាស់ពួកគាត់ទាំងបំពានច្បាប់។
បើតាមការអះអាងពីលោក ដារ៉ា សកល នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា៖ ឈ្មោះ ថន ថាវណ្ណ ជាយោធា មានឋានន្តរស័ក្តិវរសេនីយ៍ត្រី ជានាយរងការិយាល័យកីឡា នៃទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋាន។ ក្នុងនោះជនរងគ្រោះជាបងប្អូនសាច់ញាតិរបស់គាត់ គាត់ថែមជាអ្នកបានយកលុយមកប្រគល់អោយឈ្មោះ ថន ថាវណ្ណ នោះមានទាំងលិខិតទទួលប្រាក់ចំនួន៤សន្លឹក និងបានប្រគល់ប្រាក់ជាដំណាក់ការៗ ។ លោកបន្តថា៖ ដើម្បីអោយបងប្អូនបានចូលក្របខ័ណ្ឌ លើកទី១បានប្រគល់ប្រាក់ទៅអោយឈ្មោះ ថន ថាវណ្ណ ចំនួន ១៧៥០០ដុល្លារ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩, លើកទី២ ចំនួន ៧៧០០ដុល្លារ នៅថ្ងៃទី៩ ខែឧសភាឆ្នាំ២០១៩ , លើកទី៣ ចំនួន ១៣៨០០ដុល្លារ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ និងលើកទី៤ ចំនួន ៧៧០០ដុល្លារ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដូច្នេះសរុបទាំងអស់ ៤៦៧០០ដុល្លារ។
លោក ដារ៉ា សកល បានគូសបញ្ជាក់ថា៖ គាត់បានស្គាល់ ឈ្មោះ ថន ថាវណ្ណ នៅសាលាវិទ្យាស្ថានទ័ពជើងគោក(ថ្លុកត្រសេក) ជាសិក្ខាកាមសិក្សាវគ្គជំនាន់រួមគ្នា និងមានទំនុកចិត្ត ដោយសារឃើញគាត់ស្គាល់អ្នកធំច្រើន មានមុខ មានមាត់ ទើបអោយបងប្អូនចូលក្របខ័ណ្ឌកងទ័ពតាមរយៈគាត់ ក្នុងនោះលោក ថន ថាវណ្ណ សន្យាតែ៦ខែទេ បានចូលក្របខ័ណ្ឌ ផ្ទុយទៅវិញ ១ឆ្នាំ៣ខែទៅហើយ អត់បានចូលក្របខ័ណ្ឌ ហើយគាត់គេចមិនទទួលខុសត្រូវដល់បច្ចុប្បន្ន។
ពាក់ព័ន្ធក្នុងករណីនេះដែរ អង្គភាព«នគរដ្រេហ្គន» មិនអាចទាក់ទងសុំការបំភ្លឺបានទេពី លោកស័ក្តិ៤ ថន ថាវណ្ណ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ដោយទូរស័ព្ទទាំង៤ខ្សែ គឺលេខ ០៦៦៤២៣១៦៨, ០១២៤២៣១៦៨,០៧០៤២៣១៦៨ និងលេខ ០៩៧ ៨៨៥៥៨៨៥ ត្រូវបានបិទទាំងអស់។
ជនរងគ្រោះសំណូមពរអោយ ឈ្មោះ ថន ថាវណ្ណ ចេញមុខមកដោះស្រាយចំពោះករណីខ្លួនប្រព្រឹត្ត នូវគំនិតទុច្ចរិតនេះ និងកុំអោយប៉ះពាល់ដល់ស្ថាប័នកងទ័ព អោយបានឆាប់ៗផងដែរ៕
ដោយ៖សុខ ខេមរា