ភ្នំពេញ៖ ដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ-១៩និងជំងឺផ្សេងៗ ក្រុមហ៊ុន TANICHU នៃប្រទេសជប៉ុន បាននាំយកអំណោយសប្បុរសធម៏ ម៉ាស៊ីនចំហ៊ុយឯកសារការងារ សម្លាប់មេរោគគ្រប់ប្រភេទមកផ្ដល់ជូន លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន សម្រាប់ទុកប្រើប្រាស់ និងធានាសុវត្ថិ ភាពចំពោះរាល់ឯកសារនានាដែលបាននិងកំពុងប្រតិបត្តិការងារនៅក្នុងក្រសួង។
ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងនាំយកនូវម៉ាស៊ីនចំហ៊ុយ ឯកសារការងារ សម្លាប់មេរោគ ប្រគល់ជូន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន លោក TANI SHUNJI នាយកប្រតិបត្តិក្រុមហ៊ុន TANICHU នៃប្រទេសជប៉ុន បានជម្រាបជូនពីដំណើរការងាររបស់ក្រុមហ៊ុន ក្នុងការវិនិយោគលើវិស័យសំណង់នៅក្នុងប្រទសកម្ពុជា ដែលរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានសាងសង់ខុនដូរ នៅតំបន់បឹងកេងកង រាជធានីភ្នំពេញ បានចំនួន ៤ កន្លែងរួចមកហើយ។
លោកបានបន្ដថា ក្រុមហ៊ុននៅបន្តការសាងសង់សំណង់អគារខុនដូរខ្ពស់ៗ រហូតដល់ ៤៣ ជាន់ ទៀត តែដោយសាររយៈពេលប៉ុន្មានខែមកនេះ ជួបបញ្ហានៃជំងឺកូវីដ-១៩ ក្រុមហ៊ុនក៏បានផ្អាកការងារសាងសង់ខ្លះៗផងដែរ ។
ជាមួយគ្នានេះ លោក TANI SHUNJI បានបញ្ជាក់ជូន លោករដ្ឋមន្រ្ដីផងដែរពីការចូលរួមផ្សព្វផ្សាយរបស់លោកជូនដល់ប្រជាជនជប៉ុន ដើម្បីឱ្យបានដឹងពីសក្តានុពលទេសចរណ៍ ការវិនិយោគទុន និងវិស័យសេដ្ឋកិច្ចកម្ពុជា ដែលមានការ រីកចម្រើនល្អ ហើយក៏បានជំរុញឱ្យភ្ញៀវទេសចរជប៉ុន នៅពេលរដូវរងារ មកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា ព្រោះមាន បរិយាកាស និងធាតុអាកាស អំណោយ ផលល្អ ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួង ព័ត៌មានបានមានប្រសាសន៍គាំទ្រ នូវរាល់កិច្ចការងារវិនិយោគរបស់លោក TANI SHUNJI នាយកប្រតិបត្តិក្រុមហ៊ុន TANICHU នៃប្រទេសជប៉ុនលើវិស័យសំណង់ ខុនដូរ នៅក្នុងប្រទេសកម្ពុជា។
លោកក៏បានរំលឹកឡើងវិញនូវការដឹងគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបាន ជួយឧត្តម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ចាប់តាំងពីពេលចប់សង្រ្គាមដំបូងមកម្ល៉េះ ហើយក៏នៅបន្តជួយរហូតដល់ពេលបច្ចុប្បន្ននេះទៀត ដែលជាការបង្ហាញនូវ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងកាន់តែរឹងមាំ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន៕ ដោយ៖ សំរិត