ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាកបាទក្រហមកម្ពុជាខេត្តរតន​គិរីក្រឡាប់រងរបួសធ្ងន់០៤នាក់

ចែករំលែក៖

ខេត្តរតនគិរី​ ៖​ មន្ត្រីសាខាកាកបាទ​ក្រហមកម្ពុជា ៣នាក់ និងបុគ្គលិកមន្ទីរព័ត៌មាន ម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍ក្រឡាប់រថយន្តខណៈដែលចេញពីទីរួមខេត្តយកអំណោយចែកជូនចាស់ជរានៅក្នុងស្រុកអណ្តូងមាសហើយស្ថិតក្នុងការសង្គ្រោះព្យាបាលនៅឡើយ។

ហេតុការណ៍ក្រឡាប់រថយន្តកាកបាទក្រហមនេះបានកើតឡើងនៅវេលាម៉ោង៧.៣០នាទី ព្រឹកថ្ងៃទី២២ខែឧសភា ឆ្នាំ២០២០ស្ថិតនៅចំណុចភូមិ.ឃុំកិចុង ស្រុកបរកែវខេត្តរតនគិរី។

ក្រោយកើតហេតុភ្លាមៗជនរងគ្រោះទាំង៤នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពស្រុកបរកែវ រួចបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត។

នៅរសៀលថ្ងៃដ៏ដែលនោះ លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ក៏បានអញ្ជើញចុះមកសួសុទុក្ខនិងនាំយកថវិកាសាខានិងថវិកាសប្បុរសជនមួយចំនួនជូនមន្រ្តីសាខាកាកបាទក្រហមទាំង៣នាក់ រួមនិងបុគ្គលិកមន្ទីរព័ត៌មានម្នាក់ទៀតផងដែរ។

មន្ត្រីការងាររងគ្រោះខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីនៅឡើយ។​

ក្រុមការងាររស.ស.យ.ក ថ្នាក់ខេត្តក៏បានចូលរួមឧបត្ថម្ភថវិកា ជូនមន្រ្តីសាខាកាកបាទក្រហមទាំង ៣នាក់ ដែលរងរបួសធ្ងន់ដោយក្នុងម្នាក់ៗទទួលបាន១.៤៥០.០០០រៀល។

មន្រ្តីយកព័ត៌មាននៃមន្ទីរព័ត៌មានខេត្ត ម្នាក់រងរបួសស្រាលទទួលបាន​៩៥០.០០០រៀលផងដែរ៕ដោយ ជីវ័ន្ត


ចែករំលែក៖