ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខេត្ត នៅតែបន្តនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋក្រីក្រចំនួន១១៥គ្រួសារ រស់នៅឃុំកាំងចាម

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖នាព្រឹកថ្ងៃ ពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន ១១៥ គ្រួសារ ដែលកំពុងជួបការលំបាកខ្វះខាត ចំនួន ២ភូមិ រួមមាន ភូមិកេះ និងភូមិដូង ស្ថិតក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក , លោកស្រី អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថាឡាបរិវ៉ាត់ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

មានប្រសាសន៍នាឱកាសនោះដែរលោកអភិបាលខេត្ត ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនោះលោកម៉ុម សារឿន អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត។

ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងកើតមាន ជាសាកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជាយើង កំពុងតែរងគ្រោះ នូវជំងឺនេះផងដែរនោះ។ 

ជាមួយគ្នានេះលោកអភិបាលខេត្ត បានជំរុញឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល នារដូវវស្សានេះឲ្យបានទាន់ពេលវេលា និង ចិញ្ចឹមសត្វ ដើម្បីកែប្រែជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕

សូមបញ្ជាក់ផងដែរថាអំណោយកាកបាទក្រហមកម្ពុជាដែលផ្តល់ជូនដល់ បងប្អូនប្រជាពលរដ្ឋនាពេលនេះ ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះទាំង ១១៥ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម ត្រីខ១ យួរ មី១ កេះ និងឃីតមួយ(មានមុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ និងអាវយឺត១)៕ដោយ៖មាស សុផាត


ចែករំលែក៖