ខេត្តកណ្តាល៖ នៅព្រឹកស្អែកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុង ស្រុកកណ្តាលស្ទឹង ស្រុកស្អាងខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។
សូមបញ្ជាក់ថា៖ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំ ប្រមាណ ២៦០០ ហិកតា មានបណ្តោយ ប្រមាណ ៦ គីឡូម៉ែត្រ និងទទឹងប្រមាណ ៤ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុក កណ្តាលស្ទឹង និងស្រុកស្អាង ខេត្តកណ្តាល និងក្នុងភូមិសាស្ត្រស្រុក បាទី ខេត្តតាកែវ។
អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដែលទទួលបានសិទ្ធិសាងសង់ប្រលានយន្តហោះភ្នំពេញថ្មី ធ្លាប់បានបញ្ជាក់ជុំវិញដំណើការ នៃការសាងសង់ព្រលានយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីនេះថា អាចនឹងរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតា អភិវឌ្ឍន៍ជាព្រលានយន្ត ហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕សហការី