កាលបើមានបុគ្គលថ្មីៗ ស្លាប់លើផ្ទះ អាចារ្យយោគី ត្រូវរកទឹកមួយក្អមតូច និងថ្មមួយដុំតូច ហើយអុជធូប ៣ សរសៃ យកទៅដាក់ចុងជើងបុគ្គល រួចធ្វើឧបកិច្ចការពារ កុំឲ្យអសុរកាយវាចូលក្នុងរូបបុគ្គលនោះបាន ។ បើមិនធ្វើដូច្នេះទេ កាលណា មានសត្វឆ្មាសម្បុរខ្មៅលោតកន្លងបុគ្គលនោះ អសុរកាយ នឹងចូលក្នុងរូបបុគ្គលនោះបានពុំខាន ។ តែមិនបានធ្វើដូច្នេះទេ ត្រូវព័ទ្ធសីមា បើបានព័ទ្ធសីមាហើយ ទោះបីមានឆ្មាខ្មៅលោតរំលង ក៏មិនថ្វីដែរ ។ តាមជំនឿរបស់ខ្មែរថា អសុរកាយ ជាពួកបិសាច តែងត្រាច់រង្គាត់រកស៊ីរង់ ហើយជួនកាល អាចបន្លាចមនុស្សផងក៏មាន ទើបគេត្រូវតែការពារបុគ្គល ដោយពិធីផ្សេងៗ ។
គេតែងប្រាប់គ្នាឲ្យធ្វើកិច្ចផ្សេងៗ ចំពោះបុគ្គលស្លាប់ដូច្នេះ ដើម្បីចៀសវាងអន្តរាយ ដូចមានរឿងមួយដំណាលថា ៖
នៅស្រុកមួយ ជាទីរហោឋានដាច់ស្រយាលអំពីទីប្រជុំជន ជាស្រុកសម្បូណ៌ដោយឈើព្រៃស្រោងស្រឹងស្ងាត់ជ្រងំ មានអាកាសធាតុត្រជាក់ដោយទឹកសន្សើម និងឮសូរតែសំឡេងសត្វនានាស្រែកយំ គួរឲ្យចាប់អារម្មណ៍ ។ នៅតំបន់នោះ មានផ្ទះមួយ ជាជម្រកនៃមនុស្ស ៤ នាក់ គឺ ឪពុក ម្ដាយ និងកូនប្រុស ២ នាក់ ដែលនៅក្នុងវ័យជំទង់ ។ ឪពុក ចេញទៅរកស៊ីស្រុកឆ្ងាយ យូរៗ ទើបវិលមកផ្ទះម្ដង ។ កូនប្រុសទាំងពីរនាក់នៅជាមួយម្ដាយ ។ ថ្ងៃមួយ ជាចៃដន្យអ្វី នាងម្ដាយនោះ មានជំងឺជាទម្ងន់ ក៏ធ្វើមរណកាលទៅ ។ អ្នកស្រុក ដែលនៅភូមិជាមួយគ្នា ប៉ុន្តែផ្ទះគេនៅឆ្ងាយៗ នាំគ្នាមកជួយធ្វើក្ដារមឈូសដាក់សពរួចស្រេច ដល់ល្ងាច ក៏ត្រឡប់ទៅផ្ទះគេវិញអស់ទៅ ។ ផ្ទះសពនោះ ក៏ត្រូវនៅត្រមោចកំព្រា មានតែកូនពីរនាក់អុជភ្លើងបំប្លុងនៅយាមសពម្ដាយ រង់ចាំដល់ភ្លឺនឹងបានអ្នកជិតខាងមកជួយទៀត ។ ឯសពនៅក្នុងក្ដារមឈូសនោះ ពុំទាន់បានព័ទ្ធសីមា ឬធ្វើកិច្ចអ្វីមួយឡើយ ព្រោះពេលក៏ខើច នឹងទៅរកអាចារ្យណាក៏ពុំទាន់ ណាមួយផ្លូវកាត់ព្រៃ ហើយត្រូវនឹងពេលព្រលប់ ជាពេលដែលសត្វសាហាវចេញរកស៊ីផង ។
ក្នុងរាត្រីនោះ ក្មេងទាំងពីរនាក់បងប្អូន ចេះតែនាំគ្នាភ័យព្រួយ ព្រោះយប់កាន់តែស្ងាត់ទៅ, សត្វខ្លែងស្រាក លលកខ្មោច ក៏ចេះតែបញ្ចេញសម្រែកគួរឲ្យព្រឺក្បាល ព្រឺស្បែក ។ ថ្លែងពីអសុរកាយ ដែលតែងត្រាច់រង្គាត់រកសាកសពសត្វព្រៃធ្វើជាអាហារ លុះមកប្រទះឃើញខ្មោចនៅក្នុងក្ដារមឈូស ដែលមិនទាន់បានសីមាការពារនៅឡើយ ក៏រលៀកខ្លួនចូលទៅស៊កក្នុងរូបសពនោះមួយរំពេច ។ ខ្មោចដែលនៅស្ដូកស្ដឹង ប្រៀបបាននឹងដុំឈើនោះ ក៏ស្រាប់តែហាក់ដូចជាមានវិញ្ញាណឡើងវិញ ហើយបម្រះប្រវេប្រវាព្រូសប្រះរកងើបចេញពីក្ដារមឈូស ។
កុមារបងប្អូន ដេកនៅជិតក្ដារមឈូស, ប្អូនមិនទាន់ដឹងការអ្វីច្រើន ក៏ដេកលក់ទៅ នៅតែកុមារបងដែលចេះតែមានការបារម្ភខ្លាច ។ លុះឮសូរខ្មោចនោះរើគ្រុះគ្រះក្នុងក្ដារ វាក៏ចេះតែលួចសម្លឹងទៅរកក្ដារមឈូស ។ មិនយូរប៉ុន្មាន ស្រាប់តែខ្មោចនោះ អើតក្បាលចេញពីក្ដារមកក្ងក់, ម៉ែអើយ ! អើតមកធ្វើអ្វីហ្នឹង ? កុមារបងឃើញដូច្នោះ ភ័យណាស់ កន្ត្រាក់ដៃប្អូនអូសរត់ចុះពីលើផ្ទះ ។ ប្អូនក៏ស្ទុះទៅតាមទាំងសើងម៉ើង ។ បងនិយាយបណ្ដើររត់បណ្ដើរ ប្រាប់ប្អូនកុំឲ្យងាកក្រោយឲ្យសោះ ។ ក្មេងទាំងពីរនាក់ រត់ទៅមិនយូរប៉ុន្មាន ខ្មោចនោះ ក៏លោតចុះដេញតាមពីក្រោយទៅដែរ ។ ឃើញដូច្នោះ ក្មេងទាំងពីរ ខំរត់សំដៅវត្ត ព្រោះគិតឃើញថា “មានតែវត្តទេ ដែលអាចជួយខ្លួនឲ្យផុតពីភ័យអន្តរាយនេះ” ។
ឯអសុរកាយ លុះតាមទៅដល់របងវត្ត ឃើញសីមា វាមិនហ៊ានចូល ក៏ចេញពីរូបសាកសពនោះទៅ ។ ឯសាកសពនោះ ក៏រលំដួលដេកច្រងាងក្នុងទីនោះឯង ។
លុះព្រឹកឡើង ព្រះសង្ឃ និងអ្នកស្រុក ដឹងរឿងហើយ ក៏ផ្អើលមកឈូឆរ ហើយនាំគ្នាលើកខ្មោចនោះទៅបូជា ធ្វើកិច្ចរម្ងាប់ចង្រៃគ្រប់បែបយ៉ាងទៅតាមទម្លាប់ ។
ដោយខ្លាចមានហេតុអាក្រក់ជាចៃដន្យ ដូចក្នុងរឿងដំណាលនេះឯង ទើបចាស់បុរាណបានបង្គាប់គ្នា ឲ្យរៀបរណ្ដាប់ធ្វើកិច្ចផ្សេងៗ និងឲ្យព័ទ្ធសីមាជាការចាំបាច់ ដើម្បីការពារទុកជាមុន ។
របៀបនេះ ក៏បានជាប់ជាទំនៀមទម្លាប់រហូតមក ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)
ដោយ៖ប្រាថ្នា