ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ទោ សាវ សុភក្តី អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងករណីហិង្សាដោយចេតនា ។
ករណីទី១បំផ្លិចបំផ្លាញទ្រព្យសម្បត្តិបានកើតនៅថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ២០២៦ វេលាម៉ោង១៨និង៣០នាទី នៅចំណុចភូមិចេក ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានករណីវាយបំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិ មួយកើតឡើងបង្កឡើងដោយជនសង្ស័យ០១នាក់ ឈ្មោះ លាង វី(ហៅពៅភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំខាងលើ បានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ម៉ូតូកាប់កញ្ចក់បង្អួចផ្ទះ និងយកដំថ្មគប់ផ្ទះរបស់ជនរងគ្រោះ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ ម៉ូតូ០១ គ្រឿង ម៉ាក់ស្កុបពីពណ៌ខ្មៅ និងបែកកញ្ចក់បង្អួចផ្ទះ១ផ្ទាំង ។
ក្រោយទទួលបណ្ដឹងតាមទូរស័ព្ទពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរ ដោយបានឆ្លើយសារភាព រូបគេពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ម៉ូតូ កាប់កញ្ចក់បង្អួចផ្ទះ និងយកដុំថ្មគប់ផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន ។
មូលហេតុដោយសាររូបគេខឹងបងស្រី ដែលសុំសោរដើម្បីចាក់ចូលផ្ទះរបស់ខ្លួនឯងមិនបាន ។+ដកហូតវត្ថុតាង:-កាំបិតផ្គាក់០១ដើម -ដុំថ្មចំនួន០៤ដុំ -ដែកឆាប់០១ដើម-ញញួរ០១ដើម-ដែក០១ដើម។
ករណីទី២ហិង្សាដោយចេតនាបានកើតនៅថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៦ វេលាម៉ោង០១និង០០នាទី នៅចំណុចភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បង្កឡើងដោយជនសង្ស័យ ឈ្មោះ ហៃ ហាន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំខាងលើ បានធ្វើសកម្មភាពយកដំបងឈើវាយទៅលើជនរង គ្រោះ បណ្ដាលឲ្យរងរបួសស្រាលចំស្មាខាងឆ្វេង ។
ជនរងគ្រោះឈ្មោះ គា ទីណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ។ សមត្ថកិច្ចដកហូតវត្ថុតាងឈើ០១ដើម ។
ករណីទាំង២ ខាងលើជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីបន្ត៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច