ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ដេកស្លាប់ក្នុងការដ្ឋានសំណង់បុរីប៉េងហួត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករសំណង់ក្នុងការដ្ឋានសំណង់បុរីប៉េងហួត បានដេកស្លាប់គួរឲ្យសង្វែគ និងត្រូវបានបងប្អូនជីដូនមួយប្រទះឃេីញនៅវេលាម៉ោង៨:០០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រង់ចំណុចបន្ទប់កម្មករស្នាក់នៅ ការដ្ឋានសំណង់បុរីប៉េងហួត ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

    សាកសពជនរងគ្រោះមាន ឈ្មោះ ពត ប៉ែន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ស្នាក់នៅកន្លែងកើតហេតុខាង។

      យោងតាមការបំភ្លឺពីឈ្មោះ ចិន កាយ ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្អូនប្រុសជីដូនមួយជនរងគ្រោះបានឲ្យដឹងថា រូបគាត់និងបងប្រុសជីដូនមួយធ្វើការជាកម្មករសំណង់នៅការដ្ឋានជាមួយគ្នាប៉ុន្តែសម្រាកបន្ទប់ផ្សេងគ្នា រយៈពេល៤ថ្ងៃនេះបងប្រុសជីដូនមួយបានប្រាប់ថាមិនស្រួលខ្លួន ហើយក៏មិនបានទៅធ្វើការដែរ ។ នៅវេលាម៉ោងប្រហែល០៦ និង៤០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ រូបគាត់បានគោះទ្វារបន្ទប់ហៅបងប្រុសជីដូនមួយដើម្បីនាំគាត់ទៅមន្ទីរពេទ្យតែគ្មានសម្លេងតប ទើបគាត់បើកទ្វារបន្ទប់ចូលទៅមើលគាត់ទើបដឹងថាគាត់បានដេកស្លាប់បាត់ទៅហើយ ។

      តាមការពិនិត្យ និងការបញ្ជាក់ពីឯកឧត្តមវេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយគាំងបេះដូង អាចបណ្ដាលមកពីជំងឺបេះដូង។ បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖