ភ្នំពេញ៖ យុវជនពីរនាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខរោងចក្រ៦ជាន់ តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងឌុបគ្នាជ្រុលទៅបុកគូទរថយន្តហុីយ៉ាន់ដាយដឹកជញ្ជូនរបស់ក្រុមហ៊ុន L.M.H ដែលចតលេីដីចំណីផ្លូវយ៉ាងពេញទំហឹង ។
សពជនរងគ្រោះទាំងពីរនាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តម៉ាកហុីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខកំពង់ចាម3A-9797បិទស្លាកឡូហ្គោពិីមុខ(L-M-H)បានចតលើដងផ្លូវនៅចំណុចកើតហេតុខាងលើក្នុងទិសដៅពីកើតទៅលិចដោយមិនបានដាក់ស្លាកសញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវនោះទេ។ លុះដល់ម៉ោងកើតហេតុខាងលើក៏មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1ID-3028ធ្វើដំណើរស្របទិសដៅគ្នាពីលិចទៅកើតបានជ្រុលទៅបុកពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះទាំងពីរនាក់បោកផ្ទប់បែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកតាមរថយន្ដយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ