ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នេះ លោក គី គឹមណូ អភិបាលរងស្រុកកណ្ដៀង ដឹកនាំកំលាំងគណៈបញ្ជាការឯកភាពស្រុក ចុះពិនិត្យ និងបង្រ្កាបឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល នារដូវបិទនេសាទ(ត្រីពងកូន)ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
ករណីកំលាំងគណៈបញ្ជាការឯកភាពស្រុក សហការចុះពិនិត្យ និងបង្រ្កាបឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីជលផលនេះ ធ្វើឡើងនៅផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
លទ្ធផល៖ ជាបឋមៈ ខណៈកំលាំងកំពុងអនុវត្តនៅឡើង របាំងសាច់អួន ១ខ្សែ របាំងស្បៃមុងចំនួន ៥ខ្សែ សរុបចំនួន ៦ខ្សែ ស្មើនឹងប្រវែងចំនួន ១,២៦០ម៉ែត្រ បង្គោលចំរឹងចំនួន ៩៧០ដើម ក្បាលបរចំនួន ១គ្រឿង លូកងស្បៃមុងចំនួន ៨មាត់ និងចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបវិញចំនួន ២៥គីឡូក្រាមផងដែរ ។
វត្ថុតាងៈ ឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល ខណៈរដូវនេះជារដូវបិទនេសាទ(ត្រីពងកូន) ត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែង ខណៈនេះក្រុមការងារកំពុងបន្តសកម្មភាពនៅឡើយ នេះបើយោងតាមការបញ្ជាក់ពីកំលាំងកំពុងចុះបង្រ្កាបផ្ទាល់ ៕
ដោយ៖ បុឹម ពិន