ភ្នំពេញ៖ ឪពុកម្តាយណាក៏ដោយគឺតែងតែស្រលាញ់កូន ខំបីបាច់ថែរក្សាកូនតាំងពីចាប់កំណេីតរហូតដល់ធំដឹងក្តី តែកូនអកតញ្ញូខ្លះមិនបានសងគុណឳពុកម្តាយវិញឡើយបែរជាធ្វើឱ្យឪពុកម្តាយលំបាកចិត្តរងទុក្ខវេទនាទៅវិញ។ ជាក់ស្តែងកូនអកតញ្ញូម្នាក់នេះបានធ្វេីឱ្យម៉ែឪស្រក់ទឹកភ្នែកជិត១០ឆ្នាំមកហើយដោយគេបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ទាំងលុយកាក់អស់រាប់ម៉ឺនដុល្លារ ហេតុនេះហើយទើបមកដល់ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ពួកគាត់ជាអាណាព្យាបាលបានរត់មករកសមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះរទះ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីឲ្យជួយធ្វើកិច្ចសន្យាកាត់កាល់កូនប្រុសខាងលើចេញពីបន្ទុកគ្រួសារចោល។
តាមប្រភពពីឪពុកឈ្មោះ ម៉ក់ សុន អាយុ៦២ឆ្នាំ មុខរបរកម្មករ និងម្តាយឈ្មោះ មែ អុន អាយុ៦៥ឆ្នាំ មុខរបរមេផ្ទះ ដែលមានទីលំនៅបច្ចុប្បន្នក្នុងភូមិកប់ភ្លុកសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសរបស់គាត់ឈ្មោះម៉ក់ នី ជាកូនប្រុសពៅនៅក្នុងបន្ទុកគ្រួសារ។ កន្លងមកឪពុកម្តាយបានរៀបចំឲ្យមានគូស្រករម្តងរួចមកហើយរហូតមានកូនម្នាក់ជាចំណងដៃ តែដោយសារតែចរិតកូនរបស់គាត់គិតតែពីការសប្បាយ គ្មានគិតគូររឿងរកស៊ីចិញ្ចឹមជីវិត គឺមានតែដើរលេងហ៊ឺហា សប្បាយគ្មានគិតប្រពន្ធកូនធ្វើឱ្យមានជម្លោះក្នុងគ្រួសារជាញឹកញាប់ឈានដល់ការបែកបាក់ចែកផ្លូវគ្នា រស់នៅរៀងៗខ្លួន ហើយកូនប្រុសរបស់គាត់បានមករស់នៅជាមួយពួកគាត់ជាឪពុកម្តាយវិញ។ លោកម៉ក់ សុនជាឪពុកបានឱ្យដឹងទៀតថារយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ កូនប្រុសម្នាក់នេះបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ លុយកាក់អស់រាប់ម៉ឺនដុល្លារ និងបង្កជម្លោះក្នងគ្រួសារដោយប្រើពាក្យគំរាមកំហែងជាញឹកញាប់ ធ្វើឲ្យពួកគាត់មានតែទឹកភ្នែក និងលំបាកផ្លូវចិត្ត ជាច្រើនឆ្នាំមកហើយ ទើបមកដល់ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ពួកគាត់សម្រេចចិត្តរត់មករកសមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះរទេះ ដោយស្នើសុំឲ្យហៅ កូនប្រុសរបស់គាត់ដែលមានឈ្មោះ ម៉ក់ នីនោះមកធ្វើកិច្ចសន្យាកាត់កាល់ចេញពីក្រុមគ្រួសារ លែងពាក់ព័ន្ធជាអ្វីនិឹងគ្នាឡើយ និងលែងដឹងឮរាល់សកម្មភាពដែលឈ្មោះ ម៉ក់ នី បង្កទៀតហើយ។
ដោយមានកិច្ចសន្យាលែងទទួលស្គាល់ បុគ្គលឈ្មោះ ម៉ក់ នី ក្រុមគ្រួសារសូមប្រកាសជាសាធារណ:ថា រាល់បញ្ហាដែលពាក់ព័ន្ធនិឹងបុគ្គលខាងលើ គឺក្រុមគ្រួសារលែងទទួលស្គាល់ចាប់ពីពេលនេះតទៅ ៕ដោយ៖ សុខាសែនជ័យ