កីឡាអន្តរជាតិ៖ ក្លឹបយក្សមេឃខៀវ Manchester City កំពុងចរចាលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើខ្សែបម្រើវ័យជំទង់ Diego Rosa ពីក្លឹប Gremioរបស់ប្រេស៊ីល។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសក្នុងតំបន់អាមេរិកខាងត្បូង។
សារព័ត៌មាន UOL បានរាយការណ៍ថា កីឡាករវ័យ១៧ឆ្នាំរូបនេះមានការកោតសរសើរពីក្រុម Manchester City ជាមួយនឹងទម្រង់លេងរបស់គេសម្រាប់ក្រុមអាយុក្រោម២០ឆ្នាំនៅក្លឹប Gremio ហើយអ្នកតំណាងមកពីក្លឹបទាំងពីរសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងមួយនៅថ្ងៃខាងមុខ។
សូមបញ្ជាក់ថា ខ្សែបម្រើ Diego Rosa បានជួយឲ្យក្រុមប្រេស៊ីលឈ្នះពានរង្វាន់ FIFA World Cup អាយុក្រោម១៧ឆ្នាំក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកាលពីឆ្នាំមុន។
បច្ចុប្បន្នក្លឹប Manchester City មានក្រុមជម្រើសជាតិប្រេស៊ីលចំនួន៣នាក់នៅក្នុងក្រុមដំបូងរបស់ពួកគេរួមមាន ខ្សែប្រយុទ្ធ Gabriel Jesus, ខ្សែបម្រើ Fernandinho និងអ្នកចាំទី Ederson ៕
ដោយ៖ភារៈ