ភ្នំពេញ៖ ពិធីប្រគល់ និងទទួលម៉ាសសុខាភិបាល ជាអំណោយដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានប្រគល់ជូនក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងការរីករាលដាលនៃជម្ងឺកូវីដ១៩ តាមរយៈ លោក កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន គណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនិងសហការី តំណាងមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផាិងសហការី និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន ហុងឌីសេង Hong De Sheng Steel (Cambodia) Co.LTD បានប្រគល់ម៉ាសចំនួន ២០ម៉ឺនម៉ាស ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្រាប់ចែកជូនប្រជាពលរដ្ឋ។ តាមរយៈ លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រគល់ម៉ាសសរុបចំនួន ១៨ម៉ឺនម៉ាស ដោយធ្វើការប្រគល់ជូនទៅក្រសួងសុខាភិបាល ចំនួន ១០ម៉ឺនម៉ាស និងប្រគល់ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៨ម៉ឺនម៉ាស ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងការរីករាលដាលនៃជម្ងឺកូវីដ១៩៕ដោយ៖សិលា