ព័ត៌មានទាន់ហេតុការណ៍៖

រំលឹកថ្ងៃគម្រប់ខួបព្រះរាជពិធីរាជាភិសេកនៃព្រះករុណាព្រះបាទសម្ដេចស៊ីសុវត្ថិមុនីវង្ស

ចែករំលែក៖

ភ្នំពេញ៖ ដោយសារថ្ងៃនេះជាថ្ងៃគម្រប់ខួបព្រះរាជពិធីរាជាភិសេកនៃព្រះករុណាព្រះបាទសម្ដេចស៊ីសុវត្ថិមុនីវង្ស ដូចនេះសូមគោរពជូនអំពីកំណត់ត្រានៃព្រះរាជពិធីរាជាភិសេករបស់ព្រះអង្គ ដូចខាងក្រោមនេះ ៖
ព្រះរាជកំណត់បុណ្យរាជាភិសេក “ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ធរ ភូវណៃក្រៃកែវហ្វាសុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី ជាម្ចាស់ជីវិតលើត្បូង ។”
ព្រះរាជពិធីរាជាភិសេក ចូលបុណ្យតាំងពីថ្ងៃសុក្រ ៣កើត ខែទុតិយាសាធ ឆ្នាំរោង សំរឹទ្ធិស័ក ព្រះពុទ្ធសករាជ ២៤៧១ រៀងដល់ថ្ងៃពុធ ៨កើត ខែឆ្នាំជាមួយគ្នា គឺពីថ្ងៃ ២០ខែកក្កដា ទៅដល់ ថ្ងៃ២៥ ខែកក្កដា ឆ្នាំ១៩២៨ ។
តាំងព្រះរាជមណ្ឌលធម្ម ក្នុងព្រះទីន័ងទេវាវិនិច្ឆ័យមានគ្រែពិធីជាទីតម្កល់ព្រះពុទ្ធរូប ព្រះទេវរូប និងគ្រឿងបញ្ចកកុធភណ្ឌ និងទីប្រជុំបុណ្យធំ ខាងមុខព្រះមហាស្វេតច្ឆត្រព្រះបល្លង្គ ។ មានរានទេវតា ៣ ថ្នាក់ ៨ ទិសជុំវិញ ព្រះទីន័ងទេវាវិនិច្ឆ័យ និងរានទេវតាធំ ៧ ថ្នាក់ ១ ទៀតតាំងខាងមុខ ព្រះទីន័ងទេវាវិនិច្ឆ័យ តាំងបល្លង្ក ៩ ជាន់ មានព្រះមហាបុស្បុកមាស សម្រាប់ថ្វាយទឹកស្រង់ខាងទិសបូព៌ានៃព្រះទីន័ងទេវាវិនិច្ឆ័យ ។ សង់រោងមណ្ឌល ៤ ទិសជុំវិញ តាមព្រះទ្វារក្រៅកំពែង ព្រះបរមរាជវាំង រោងមណ្ឌលមួយៗ ធំ ៤ ម៉ែត្រជ្រុងស្មើ លើរានក្រាលក្ដារ មានរបៀងនិងព្រះរាជវ័តជុំវិញ មានរានទេវតា ៣ ថ្នាក់ ១ និងដងគោមលាបថ្នាំ ១ មានគោម ១ អុជគ្រប់រោងមណ្ឌល ។
ព្រះសង្ឃនាយកទាំងពីរគណៈ និងសេនាបតីម៉ឺនសព្វមុខមន្រ្តីចៅក្រម ក្នុងក្រុងនិងក្នុងខេត្តនៃព្រះនគរ តាំងតុគ្រឿង សក្ការបូជាគោរពទេវតាក្នុងថែវ ក្នុងកំពែងសីមាព្រះបរមរាជវាំង ។
ត្រូវក្រុមរាជបណ្ឌិតពទ្ធអំបោះសីមា គ្រប់ព្រះទីន័ងព្រះដំណាក់ទាំងអស់ មកប្រជុំនិងគ្រែពិធីសូត្រមន្ត ក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ។

១- ព្រះរោងមណ្ឌលធំ គឺព្រះទីន័ងទេវាវិនិច្ឆ័យត្រូវស្ដេចព្រះឥសីភទ្ទធិបតី ១ ព្រះព្រហ្មាធិរាជ ១ ព្រះមិន្ធរ ១ ព្រះជ័យាធិបតី ១ ព្រះធម្មរាជ ១ ព្រះបរមចារ ១ ព្រះទេព្វចារ ១ ព្រះឥន្ទកោរព្ភកា ១ ជា ៨ នាក់ កាន់ព្រតតាំងព្រះរាជពិធីចម្រើនព្រះសិទ្ធរសក្លស់សង្ខ ។

២- រោងមណ្ឌលទិសបូព៌ ត្រូវ ព្រះអរិយសាល ១ និងបារគូ ៣ នាក់ កាន់ព្រតតាំងព្រះរាជពិធីចម្រើនសិទ្ធរសក្លស់សង្ខ ។

៣- រោងមណ្ឌលទិសទក្សិណ ត្រូវព្រះធម្មឫទ្ធិ ១ និងបារគូ ៣ នាក់ កាន់ព្រតតាំងចម្រើចព្រះសិទ្ធរសក្លស់សង្ខ ។

៤- រោងមណ្ឌលទិសបស្ចឹម ត្រូវព្រះធម្មចារ ១ និងបារគូ ៣ នាក់ កាន់ព្រតតាំងចម្រើនព្រះសិទ្ធរសក្លស់សង្ខ ។

៥- រោងមណ្ឌលទិសឧត្តរ ត្រូវព្រះឥន្ទសរជ័យនិងបារគូ ៣ នាក់ កាន់ព្រតតាំងព្រះរាជពិធីចម្រើនព្រះសិទ្ធរសក្លស់សង្ខ ។

គម្រប់ ១ ថ្ងៃសុក្រ ៣កើត ខែទុតិយាសាធ គឺថ្ងៃទី២០ខែកក្កដា
វេលាម៉ោង ១៦ គឺម៉ោង ៤ រសៀល រៀបពិធីឡើងព្រះទីន័ងព្រះមហាមន្ទីរជាទីប្រថាប់ និង ក្រឡាព្រះបន្ទំព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាប់នឹងព្រះទីន័ងទេវាវិនិច្ឆ័យ មានព្រះរាជបល្លង្កស្វេតច្ឆត្រខាងក្នុងសម្រាប់ទទួលក្រុមស្រ្តី ត្រង់ព្រះមហាមន្ទីរ មានព្រះទីន័ងចក្រពត្តិជាទីក្រឡាព្រះបន្ទំព្រះករុណានៅឯខាងត្បូង និងព្រះទីន័ងនារីរត្នសោភាជាទីក្រឡាបន្ទំសម្រាប់ព្រះមហេសី ឬព្រះស្នំ និងហោគ្រឿងជាទីស្ងោយ ឬទុកគ្រឿងទ្រង់នៅខាងលិច ។
ព្រះករុណាទ្រង់ព្រះពស្រ្តពណ៌ខៀវតាមពណ៌ថ្ងៃសុក្រ ស្ដេចយាងព្រះបាទលើមាគ៌ាក្រាលសំពត់ស លើកន្ទេលតាមក្បួនហែ ពីព្រះដំណាក់ចន្ទចូលទៅឡើងព្រះទីន័ងព្រះមហាមន្ទីរតាមទំនៀម ។ ឧកញ៉ាវាំងវរវៀងជ័យ ត្រូវចាំទទួលព្រះករុណាក្នុងព្រះទីន័ងព្រះមហាមន្ទីរ ។ទីស្ដេចក្សត្រីនិងព្រះស្នំក្រមការនិងជំទាវខុនណាងក្រាបបង្គំគាល់ក្នុងព្រះទីន័ងមហាមន្ទីរ និងក្នុងព្រះទីន័ងនារីរត្នចក្រពត្តិសោភា ។ទីស្ដេចក្សត្រានិងអគ្គមហាសេនាបតីនាម៉ឺនសព្វមុខមន្រ្តី ក្រាបបង្គំគាល់ក្នុងព្រះទីន័ងទេវាវិនិច្ឆ័យមុខព្រះមហាបល្លង្កស្វេតច្ឆត្រ ។
ម៉ោង ១៧ និង ៣០ នាទី គឺម៉ោង ៥ កន្លះល្ងាច ព្រះករុណាថ្វាយបង្គំថ្វាយព្រះបិដរក្នុងហោអដ្ឋិ ។ម៉ោង ១៨ គឺម៉ោង ៦ ល្ងាច ឧកញ៉ាហោរាធិបតីចាងហ្វាងសូត្រប្រកាសទេវតា ចូលបុណ្យរាជាភិសេកនៅរានទេវតាធំខាងមុខព្រះទីន័ងទេវាវិនិច្ឆ័យ ។
ម៉ោង ១៨ និង ៣០ នាទី គឺម៉ោង ៦ កន្លះល្ងាច អុជពន្លឺប្រទីបគ្រឿងសក្ការបូជា ក្នុងព្រះបរមរាជវាំង និងពន្លឺខាងក្នុង ខាងមុខព្រះទីន័ងទេវាវិនិច្ឆ័យនិងគ្រឿងតាំងតុ ។
ព្រះករុណាទ្រង់ព្រះពស្ត្រពណ៌ខៀវ និងព្រះភូសាពណ៌ខៀវព្រមទាំងគ្រឿងព្រះរាជឥស្សរិយយស ស្ដេចយាងព្រះបាទតាមក្បួនហែ មានស្រ្តីកាន់ផ្កាមាស ៤ ផ្កាប្រាក់ ៤ ប្រណមហែមុខ និងស្រ្តីអញ្ជើញគ្រឿង ១៦ នាក់ហែក្រោយ ។ ហែពីក្នុងព្រះទីន័ងព្រះមហាមន្ទីរចេញទ្វារព្រះផាយគ្រឿន មកគង់នៅព្រះទីន័ងទេវាវិនិច្ឆ័យ មានសម្ដេចព្រះឥសីភន្ទធិបតី អញ្ជើញព្រះនារាយណ៍ហែមុខ ។
ទ្រង់ប្រថាប់លើព្រះទីន័ងកៅអី អុជគ្រឿងពុទ្ធបូជាថ្វាយបង្គំព្រះរតនត្រៃ ហើយស្ដេចយាងទៅអុជទៀនជ័យ ជាមួយនឹងព្រះសង្ឃនាយកក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ហើយទ្រង់ថ្វាយត្រៃព្រះសង្ឃ ២៦អង្គគ្រងរួចក្រុមសង្ឃការីទូងរគាំងអារាធនាសីលនិមន្តព្រះសង្ឃចម្រើនព្រះពុទ្ធមន្តពិធីឡើងព្រះទីន័ងមហាមន្ទីរ និងធ្វើព្រះសិទ្ធរសព្រះពុទ្ធមន្ត ទុកថ្វាយស្រង់ក្នុងបុណ្យរាជាភិសេក ។
ព្រះរាជវង្សានុវង្សគ្រប់អង្គនិងអគ្គមហាសេនាបតី នាម៉ឺនសព្វមុខមន្រ្តី ចៅក្រមក្នុងក្រុង និងក្នុងខេត្តស្លៀកសំពត់និងពាក់អាវសារបាប់ពណ៌ល្បើក ឬផាមួងនិងគ្រឿងឥស្សរិយយស ចួបជុំក្រាបថ្វាយបង្គំគាល់តាមតំណែងក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ព្រះសង្ឃចម្រើនព្រះពុទ្ធមន្ត រួចព្រះករុណា​ស្ដេច​យាងចូលតាមក្បួនហែចូលទៅប្រថាប់ក្នុងព្រះទីន័ងចក្រពត្តិទ្រង់គ្រឿងពណ៌ស ទទួលសមាទានសីលក្នុងព្រះទីន័ងទ្រង់ធម៌ជាបរិសុទ្ធក្នុងព្រះអង្គ ។
ម៉ោង ២០ គឺម៉ោង ៨ យប់ លៀងភោជនាហារ ព្រះរាជវង្សានុវង្ស អគ្គមហាសេនា សេនាបតី នាម៉ឺនសព្វមុខមន្ត្រី និងចៅក្រម ។
ពីម៉ោង ២១ ដល់ម៉ោង ២៤ គឺពីម៉ោង ៩ យប់ ទៅដល់អធ្រាត្ររាំល្ខោនក្នុងរោងព្រះទីន័ងពិធីបុណ្យ និងល្បែងមហោស្រពខាងមុខព្រះលាន អុជកាំជ្រួចរន្ទាភ្ញីទៀន ។
គម្រប់ពីរ ថ្ងៃសៅរ៍ ៤កើត ខែទុតិយាសាធ គឺថ្ងៃ ២១ ខែកក្កដា
ម៉ោង ៩ ព្រឹកព្រះករុណាទ្រង់ព្រះពស្រ្តនិងព្រះភូសាពណ៌ឋានខ្មៅស្ដេចយាងតាមក្បួនហែដដែល ចេញនិមន្តព្រះសង្ឃដែលបានចម្រើនព្រះពុទ្ធមន្តពីល្ងាចសូត្រពាហុំថ្វាយ វេរព្រះភោជនាហារព្រះសង្ឃឆាន់ ក្នុងព្រះទីន័ងទេវាវិនិច្ឆ័យមានតូរ្យតន្រ្តីមហោរីលេងថ្វាយ រួចទ្រង់ប្រគេនទេយ្យទាន ។
ព្រះរាជវង្សានុវង្ស អគ្គមហាសេនាសេនាបតី នាម៉ឺនសព្វមុខមន្រ្តី និងចៅក្រមក្នុងក្រុង ក្នុងខេត្តស្លៀកពណ៌ដូចដែលនឹងគ្រឿងឥស្សរិយយស ចួបជុំក្រាបថ្វាយបង្គំគាល់ ។
លេងល្បែងមហោស្រព ខាងមុខព្រះបរមរាជវាំងដល់ម៉ោង ១០ ព្រឹក ។
ព្រះករុណាព្រះរាជទានគ្រឿងឥស្សរិយយស និងរបស់ទុកព្រះកេរ្តិ៍ខ្ញុំរាជការខ្មែរ ។
ពីម៉ោង ១៥ ដល់ម៉ោង ១៨ គឺពីម៉ោង ៣ រសៀលដល់ម៉ោង ៦ ល្ងាចរាំល្ខោនក្នុងព្រះទីន័ងពិធីបុណ្យ និងល្បែងមហោស្រព មុខព្រះលាន ។
ពីម៉ោង ១៨ ដល់ម៉ោង ២៤ គឺម៉ោង ៦ ល្ងាចដល់អធ្រាត្រ របៀបបុណ្យដូចថ្ងៃដំបូង ។

គម្រប់ ៣ ថ្ងៃ ថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាធ គឺ ថ្ងៃ២២ ខែកក្កដារបៀបបុណ្យដូចថ្ងៃគម្រប់ពីរ ។ព្រះករុណាទ្រង់ពណ៌ក្រហម ។
គម្រប់ ៤ថ្ងៃ ថ្ងៃចន្ទ ៦កើត ខែទុតិយាសាធ គឺថ្ងៃ២៣ ខែកក្កដា ពីម៉ោង ៧ និង ៥ នាទីព្រឹក ជាមួយមហាវិជ័យមង្គលឫក្ស ព្រះករុណាទ្រង់គ្រឿងពណ៌ស ព្រះភូសាផាយ ស ស្ដេចយាងតាមក្បួនហែដូចដែលមកក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ បារគូផ្លុំសង្ខគ្រលែងពីងពាំង និងប្រគុំតូរ្យតន្រ្តីថ្វាយតាមទំនៀម ព្រះករុណាថ្វាយបង្គំព្រះពុទ្ធរូប ព្រះទេវរូបនិមន្តព្រះសង្ឃដែលសូត្រព្រះពុទ្ធមន្តពីល្ងាច សូត្រជយន្តោថ្វាយជ័យស្រង់ហើយព្រះករុណាទទួលលោកឡឺគូវែរណើរយេណេរ៉ាល់ ដឺឡាំងដូស៊ីន និងលោក ឡឺរ៉េស៊ីដង្ដ សុប៉េរីយើរ ឡារ៉េពូព្លិក បារាំងសែស ក្នុងក្រុងកម្ពុជា ជាមួយនឹងសម្ដេចព្រះសង្ឃនាយកពីរគណៈ និងអគ្គមហាសេនាបតី និងស្ដេចព្រះឥសីភទ្ទធបតី ហែស្ដេចយាងឡើងលើព្រះបល្លង្កក្រោមព្រះមហាបុស្បុក តាំងខាងមុខព្រះទីន័ងទេវាវិនិច្ឆ័យ ព្រះករុណាគង់លើផែនសុវណ្ណជរដ៏រចនា និងជាតិហិង្គុលជាភាពរាជសីហ៍ ក្រាលលើស្លឹកឧទុម្ពរព្រឹក្ស សម្ដេចព្រះឥសីភទ្ទធិបតី ថ្វាយសង្ខជ័យព្រឹក្ស ព្រះករុណាទ្រង់ទទួលកាន់ព្រះហស្ដស្ដាំ ជាព្រះតេជចេស្ដា ព្រះករុណាឈមព្រះភក្ត្រទៅបូព៌ាទិសា ។
ឧកញ៉ា ហោរាធិបតី ចាងហ្វាងក្រុមហោរា សូត្រប្រកាសអញ្ជើញទេវតា សូមចម្រើនសិរីសួស្ដីជ័យមង្គល ថ្វាយព្រះករុណានៅទីរានទេវតាហើយសក្ខណាកាំភ្លើង ២១ ណាត់ ។
ព្រះសង្ឃនាយកទាំងពីរគណៈ ថ្វាយព្រះឧទកធារាពុទ្ធមន្តស្រង់សម្ដេចព្រះឥសីភទ្ទធបតី ថ្វាយព្រះសិទ្ធរសភ្លស់សង្ខ ទ្រង់ស្រង់យោងព្រះកេសាតាមទំនៀម សម្ដេចព្រះឥសីភទ្ទធិបតីថ្វាយស្លឹកព្នៅសៀតព្រះកាណ៌ធ្វេង ។
លោកឡឺគូវែរណើរយេណេរ៉ាល់ និងលោកឡឺរេស៊ីដង្ដសុប៉េរីយើរ និងអគ្គមហាសេនា សេនាធិបតី ក៏ជួយថ្វាយព្រះសិទ្ធរស ទ្រង់ស្រង់រួចហែស្ដេចយាងចុះមក ត្រូវព្រះរាមាធិបតី ចាងហ្វាងក្រុមព្រះវង្សបុព្វជូរស្រប់ព្រះបាទព្រះករុណានឹងទឹកដូង ទឹកអប់លើថាសមាសថាសប្រាក់ រួចស្ដេចយាងសណ្ឋិតលើផែន ផ្លាស់ព្រះពស្ត្រព្រះភូសា ហើយស្ដេចយាងចូលទៅក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ តាមក្បួនហែយាងទៅប្រថាប់ ក្នុងព្រះទីន័ងចក្រពត្តិវិញ ទ្រង់គ្រឿងព្រះពស្រ្ដ ព្រះភូសាផាយរត្តកម្ពល តាមមហាក្សត្រពីបុរាណពេញព្រះរាជយស ។
ម៉ោង ៩ ព្រឹក ព្រះករុណាទ្រង់គ្រឿងសម្រាប់ព្រះមហាក្សត្រាធិរាជតាមក្បួនហែធំដដែល ចេញមកក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ សម្ដេចព្រះឥសីភន្ទធបតីទទួលហែមុខទ្រង់ទទួលគំនាប់លោក ឡឺគូវែរណើរយេណេរ៉ាល់ដឺឡាំងដូស៊ីន និងលោក ឡឺរេស៊ីដង្គ សុបេរីយើរ និងអស់លោកអ្នករាជការអ្នកជំនួញបារាំងសែស ដែលមកចួបជុំជួយបុណ្យ រួចទ្រង់ថ្វាយបង្គំព្រះពុទ្ធរូប ព្រះទេវរូប ទទួលសីលថ្វាយព្រះអង្គជាពុទ្ធុបដ្ឋាក ជាធម្មុប្បដ្ឋាក ជាសង្ឃុបដ្ឋាក ហើយវេរភោជនាហារនិងគ្រឿងទេយ្យទានដល់ព្រះភិក្ខុសង្ឃៗ ថ្វាយព្រះពរនិមន្តទៅឆាន់ឯកុដិ ។
ព្រះករុណា ស្ដេចយាងទៅប្រថាប់លើព្រះទីន័ង កៅអីក្រាលសរបរិសុទ្ធឈមព្រះភក្ត្រទៅទិសបូព៌ មានព្រះរាជគ្រូបារគូបុរោហិតអង្គុយគាល់ជុំវិញទាំង ៨ ទិសមានបារគូផ្លុំសង្ខ ទើបសម្ដេចឥសីភន្ទធិបតីថ្វាយព្រះឥសូរ ទ្រង់ឱបព្រះហស្ដស្ដាំ ថ្វាយព្រះនារាយណ៍ ទ្រង់ឱបព្រះហស្ដធ្វេង ហើយព្រះរាជគ្រូអង្គុយទិសបូព៌ សូត្រថ្វាយព្រះគាថាតាមទិស រួចទ្រង់បង្វិលព្រះអង្គជាទក្ខិណា ដែលឆ្ពោះព្រះភក្រ្តទៅទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយព្យ ទិសឧត្ដរ និងទិសឦសាន ត្រូវឱ្យបុរោហិតដែលអង្គុយប្រចាំទិស សូត្រថ្វាយព្រះគាថាតាមទិសគ្រប់ៗទិសតាមទំនៀមព្រាហ្មណ៍ រួចទ្រង់ព្រះភក្រ្តទៅទិសបូព៌វិញព្រះរាជគ្រូប្រចាំទិសទាំង ៨ ថ្វាយសិរីសួស្ដីមហាជ័យមង្គលព្រមៗ គ្នារួចសម្ដេចព្រះឥសីភទ្ទថ្វាយព្រះសិទ្ធរសព្រះរាជសង្ខទ្រង់ស្ងោយ ។
ឧកញ៉ាពិនិត្យវិនិច្ឆ័យចាងហ្វាងក្រុមព្រះអាលក្ខណ៍ សូត្រព្រះសុវណ្ណ​បត្តថ្វាយព្រះនាម ។
ឧកញ៉ាមហាមន្ត្រីក្រុមរឿនហ្លួង សូត្រថ្វាយព្រះមហាមកុដរាជ្យ និងរាជសម្បត្តិសួយសារអាករ ព្រះនគរបាលក្រុងកម្ពុជាធិបតី និងព្រះរាជវង្សានុវង្សក្សត្រា និងអគ្គមហាសេនា សេនាបតី នាម៉ឺនសព្វមុខមន្រ្តី ខ្ញុំរាជការគ្រប់តំណែង គ្រប់ទាំងខាងក្នុង ខាងក្រៅ និងស្រែចម្ការច្បារដំណាំ ទឹកដីព្រៃភ្នំក្នុងខបខណ្ឌសីមា ព្រះមហានគរក្រុងកម្ពុជាធិបតី និងថ្វាយសព្ទសាធុការពរ រួចព្រះរាជវង្សានុវង្សអគ្គមហាសេនា សេនាបតី នាម៉ឺនសព្វមុខមន្រ្តីខ្ញុំរាជការទាំងអស់ ដែលមកចួបជុំនៅទីនោះ មានពាន មានតុដាក់តម្កល់ត្រាសម្រាប់យសសក្ដិ និងផ្កានិងទៀនទឹកអប់ តាមយសសក្ដិក្រាបថ្វាយបង្គំម្ដងៗ ។
ព្រះករុណាទ្រង់មានព្រះរាជឱង្ការនូវព្រះបន្ទូល សូរសីហនាទ ព្រះរាជទានសព្ទសាធុការពរហើយទ្រង់ព្រះរាជទានត្រាសម្រាប់យសសក្ដិមុខងារគ្រប់តំណែង ឱ្យអស់រាជវង្សានុវង្ស អគ្គមហាសេនា សេនាធិបតី នាម៉ឺនសព្វមុខមន្រ្តីទទួលធ្វើរាជការតាមតំណែង ឆ្លងព្រះតេជគុណ និងព្រះរាជទានស្រែចម្ការច្បារដំណាំ ទឹកដីព្រៃភ្នំ ឱ្យអស់ខ្ញុំរាជការប្រជានុរាស្រ្តនៅធ្វើរបររកស៊ីដោយសុខក្សេមក្សាន្តជាធម្មតាដូចដើមវិញ ។
ខ្ញុំរាជការទាំងអស់ទទួលក្រាបថ្វាយបង្គំម្ដង ។ព្រះករុណាគង់លើព្រះទីន័ងកៅអីមាស ។
លោក គូវែរណើរយេណេរ៉ាល់ និងលោក ឡឺរេស៊ីដង្ដសុប៉េរីយើរ ចូលថ្វាយគំនាប់ចួបជុំ ប្រជុំធំ នាំព័ត៌មានថ្វាយសព្ទសាធុការពរ ពីគូវែរណើរម៉ង់ ដឺឡារេពូព្លីក បារាំងសែស ដែលទំនុកបម្រុងក្រុងកម្ពុជាធិបតីហើយអញ្ជើញ និងហែរស្ដេចឡើងប្រថាប់លើព្រះបល្លង្ករត្ន ក្រោមព្រះមហាស្វេតច្ឆត្រ ៩ ជាន់សក្ខណាកាំភ្លើង ២១ ណាត់ហើយសម្ដេចឥសីភទ្ទធិបតី អញ្ជើញព្រះមហាមកុដរាជ្យ ជូនទៅលោកគូវែរណើរយេណេរ៉ាល់ ទ្រង់ថ្វាយព្រះករុណាតាងព្រះនាមក្រុងបារាំងសែស ។អញ្ជើញព្រះខ័នរាជ្យជូនទៅលោក ឡឺរេសីដង្ដសុប៉េរីយើរ ថ្វាយទៅព្រះករុណាទ្រង់ទទួលកាន់ព្រះហស្ដស្ដាំ ហើយសេនាបតីនិងចៅក្រសួងថ្វាយឋានព្រះករ ព្រះសុពណ៌បាទ និងគ្រឿងសម្រាប់រាជតាមទំនៀម ។
ខ្ញុំរាជការក្រាបថ្វាយបង្គំម្ដងទៀត ជាគម្រប់ ៣ ដងស្រេច ។
លោក គូវែរណើរយេណេរ៉ាល់ ថ្លែងអធិប្បាយថ្វាយសព្ទសាធុការពរ ។
ព្រះរាជគ្រូហែស្ដេចយាងចុះមកគំនាប់លោកគូវែរណើរយេណេរ៉ាល់ និងលោក ឡឺរេស៊ីដង្ដ សុប៉េរីយើរ ហើយទ្រង់សូត្រព្រះរាជឱង្ការ តបព្រះតេជគុណក្រុងបារាំងសែសដែលជួយរក្សានគរ និងរាជការក្រុងកម្ពុជាធិបតី និងជួយជាអធិបតី ក្នុងការបុណ្យរាជាភិសេកព្រះអង្គ ។
លោក ឡឺគូវែរណើរយេណេរ៉ាល់ និងលោក ឡឺរេស៊ីដង្គសុប៉េរីយើរ និងមហាជនបារាំងសែស ដែលមកចួបជុំទាំងអស់ ចាប់ព្រះហស្ដថ្វាយគំនាប់លាព្រះករុណាចេញទៅវិញ ។
ម៉ោង ១០ ព្រឹក ព្រះករុណា ស្ដេចយាងតាមក្បួនហែចូលទៅវិញដល់ព្រះទីន័ង ទក្សិណប្រថាប់លើព្រះទែន ។ ទើបអ្នករាជានុពង្សក្រាបបង្គំទូលឆ្លងថ្វាយអស់ព្រះរាជវង្សានុវង្សក្សត្រិយ៍ និងព្រះស្នំក្រមការព្រះស្រិង្គារ និងសព្ទសាធុការពរ ។
ភរិយាចាងហ្វាងក្រុមរឿនហ្លួង ក្រាបបង្គំទូលឆ្លងថ្វាយជំទាវខុនណាង និងខ្ញុំរាជការ​ក្សត្រីគ្រប់ក្រុម ហើយថ្វាយសព្ទសាធុការពរ ។
អស់ព្រះរាជវង្សានុវង្សក្សត្រី និងព្រះស្នំ ក្រមការ ព្រះសិង្គារជំទាវខុនណាង និងខ្ញុំរាជការស្រ្តីគ្រប់ក្រុម មានផ្កានិងទៀន ទឹកអប់ តម្កល់លើពានលើតុ តាមយសសក្ដិ គ្រប់គ្នាក្រាបថ្វាយបង្គំម្ដង ។
ព្រះករុណាទ្រង់មានព្រះរាជឱង្ការ ព្រះរាជទានពរសព្ទសាធុការវិញអស់ខ្ញុំរាជការ ស្រ្តីក្រាបថ្វាយបង្គំម្ដង ។
ព្រះករុណាទ្រង់យាងចូលទៅក្នុងព្រះទីន័ងចក្រពត្តិ អស់ខ្ញុំរាជការស្រ្តីក្រាបថ្វាយបង្គំម្ដងទៀត ជាគម្រប់ ៣ ដងស្រេច ។
ម៉ោង ១០ និង ៣០ នាទីព្រឹក ព្រះករុណាទ្រង់គ្រឿងពណ៌ដដែលស្ដេចព្រះរាជដំណើរយាងចេញតាមក្បួនហែមក ក្នុងព្រះទីន័ងទេវាវិនិច្ឆ័យចួបជុំព្រះរាជវង្សានុវង្ស អគ្គមហាសេនាបតី នាម៉ឺនសព្វមុខមន្រ្តីថ្វាយព្រះទក្ខិណាបង្វិលព្រះពពិល ១៩ ជុំ ។
លែងមនុស្សទោសគ្រប់គុកក្នុងព្រះនគរ តាមព្រះរាជប្រកាសតាមសេចក្ដីសុំពីកុង្សីយ៍ សេនាបតី ។
ម៉ោង ២០ គឺម៉ោង ៨ យប់ព្រះកុរណាទ្រង់ទទួលលៀងភោជនាហារលោកឡឺគូវែរណើរយេណេរ៉ាល និងលោកឡឺរេស៊ីដង្ដសុប៉េរីយើរ ។
ម៉ោង ២២ គឺម៉ោង ១០ យប់ រាំល្ខោនព្រះរាជទ្រព្យនិងកម្សាន្តធំក្នុងព្រះពន្លាចន្ទឆាយា ។
គម្រប់ ៥ថ្ងៃ ថ្ងៃអង្គារ ៧កើត ខែទុតិយាសាធ គឺថ្ងៃ ២៤ ខែកក្កដា
ម៉ោង ៧ ព្រឹក ព្រះករុណាទ្រង់គ្រឿងព្រះពស្ត្រព្រះភូសាពណ៌ស្វាយទ្រង់ព្រះមកុដពេញព្រះរាជយស ស្ដេចយាងតាមក្បួនហែចេញពីព្រះទីន័ងទេវាវិនិច្ឆ័យ សក្ខណាកាំភ្លើង ២១ ណាត់ ស្ដេចយាងឡើងគង់ព្រះរាជយានុមាត្យ ព្រមដោយក្បួនហែធំ និងព្រះរាជវង្សានុវង្ស ទ្រង់ព្រះពស្រ្តសារបាប់​ព្រះភូសាផាយពណ៌ និងព្រះមាលាទ្រង់ព្រះពាតឬព្រះភូសាសក្ដិ ព្រះមាលាការ អគ្គមហាសេនាយោង សេនាបតីគូឃៀង ចេញប្រទក្សិណព្រះនគរ ទ្រង់ប្រោសប្រទានប្រាក់តាមមាគ៌ា តាំងពីមុខព្រះលានទៅទិសបូព៌ បត់តាមថ្នល់ទៅទក្សិណ ដល់ថ្នល់ទទឹងបត់ទៅទិសបស្ចិមដល់ស្ពាននាគចូលព្រះពន្លាភ័ក ១ ។
លោក ឡឺរេស៊ីដង្ដ សុប៉េរីយើរ និង សម្ដេចឥសីភទ្ទធិបតី ចាំទទួលព្រះករុណាស្ដេចចូលប្រថាប់ ព្រាហ្មណ៍ផ្លុំសង្ខថ្វាយជ័យថ្វាយព្រះសិទ្ធរសក្លស់សង្ខយោងព្រះកេសា ហើយទ្រង់ព្រះជដាបញ្ចកុធ ឡើងគង់លើព្រះរាជរថទឹមអស្សតរ ៦ តាមក្បួនហែរតាមផ្លូវឃ្លាំងប្រេងកាត បត់ទៅឯកើតដល់ស្ពានឥន្ទធនូ ចូលព្រះពន្លាភក័ ១ ។
លោកឡឺរេស៊ីដង្ដសុប៉េរីយើរ និងសម្ដេចឥសីភទ្ទធិបតីចាំទទួលព្រះកុរណា ព្រាហ្មណ៍ផ្លុំសង្ខថ្វាយជ័យ ថ្វាយព្រះសិទ្ធរសក្លស់សង្ខយោងព្រះកេសា រួចទ្រង់ព្រះមហាមាលាឡើងគង់ព្រះទីន័ងអស្សតរតាមធ្លាធំ មកដល់មុខផ្ទះប្រូតិកតូរ៉េត៍ ស្ដេចចូលប្រថាប់មានក្រុមយុទ្ធនាថ្វាយគំនាប់ ។
មានលោកគូវែរណើរយេណេរ៉ាល និងលោកឡឺរេស៊ីដង្គសុប៉េរីយើរ ទទួលថ្វាយសាធុការពរ ព្រាហ្មណ៍ផ្លុំសង្ខថ្វាយជ័យ ថ្វាយព្រះឧទកក្លស់សង្ខយោងព្រះកេសា រួចស្ដេចទ្រង់ព្រះមហាមាលា ទ្រង់ព្រះពាតឡើងគង់លើព្រះទីន័ងគជេន្ទ្រ ព្រះរាជដំណើរតាមក្បួនហែចូលក្នុងព្រះបរមរាជវាំង ដល់កើយខាងមុខព្រះទីន័ងសម្រាន្តភិរម្យ ទ្រង់យាងតាមព្រះទីន័ងសម្រាន្តភិរម្យ សក្ខណាកាំភ្លើង ២១ ដង ។
លោក ឡឺរេស៊ីដង្ដ សុប៉េរីយើរ និងសម្ដេចព្រះឥសីភទ្ទធិបតីទទួលហែព្រះករុណាទៅក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ព្រាហ្មណ៍ផ្លុំសង្ខថ្វាយជ័យថ្វាយព្រះសិទ្ធរសក្លស់សង្ខ រួចហែស្ដេចយាងតាមក្បួនហែចូលទៅប្រថាប់ក្នុងព្រះទីន័ងព្រះមហាមន្ទីរ ។
ល្បែងមហាស្រពលេងនិងល្ខោនរាំដល់ម៉ោង ១៨ គឺម៉ោង ៦ រសៀលលើក អុជពន្លឺប្រទីបតាំងតុដល់អធ្រាត្រ ។
ម៉ោង ២០ គឺម៉ោង ៨ យប់ លោកឡឺគូវែរណើរ យេណេរ៉ាល និងលោកឡឺរេស៊ីដង្គ សុប៉េរីយើរ រៀបរៀងថ្វាយភោជន៍ព្រះករុណាទ្រង់ស្វោយឯប្រូតិកតូរ៉ាត៍ ។
ម៉ោង ២២ គឺម៉ោង ១០ យប់ ទទួលលៀងអស់អ្នករាជការបារាំងសែស រាជការខ្មែរ និងមហាជនទាំងអស់កម្សាន្តសប្បាយក្នុងមន្ទីរប្រូតិកតូរ៉ាត៍គម្រប់ ៦ថ្ងៃ ថ្ងៃពុធ ៨កើត ខែទុតិយាសាធ គឺថ្ងៃទី ២៥ ខែកក្កដាម៉ោង ៦ ព្រឹក សាតុដែលតាំងគ្រឿងសក្ការបូជា ។
ម៉ោង ១៧ គឺម៉ោង ៥ រសៀលព្រះករុណាទ្រង់គ្រឿងធម្មតា ស្ដេចចេញលត់ទៀនជ័យ និងប្រគេនទេយ្យធម្មព្រះសង្ឃក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ៕

ដោយ៖សិលា


ចែករំលែក៖