ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ថងលី ស៊ីសូលីត អគ្គលេខាធិការ នៃលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសម 

ចែករំលែក៖

វិមានសាមគ្គីភាព, រសៀលថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថងលី ស៊ីសូលីត អគ្គលេខាធិការ នៃលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ថងលី ស៊ីសូលីត និងប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។

សម្ដេចចាត់ទុកដំណើរទស្សនកិច្ចនេះ ក៏ជាផ្នែកមួយនៃជំរុញទំនាក់ទំនងរវាងកម្ពុជា និងឡាវឱ្យកាន់តែរីកចម្រើន ហើយនៅឆ្នាំនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ខួប៧០ឆ្នាំហើយដែរ។ សម្ដេចបានបញ្ជាក់ថាប្រទេសកម្ពុជា និងឡាវ មានទំនាក់ទំនង មិនត្រឹមតែជាអ្នកជិតខាងគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាទំនាក់ទំនងបងប្អូនល្អជាមួយគ្នាថែមទៀតផង។

នៅក្នុងឱកាសនោះ ឯកឧត្តម ថងលី ស៊ីសូលីត បានអរគុណសម្ដេចតេជោបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃដំណើរទស្សនកិចរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានជួបជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាជាបន្តបន្ទាប់ ជាពិសេសជួបជាមួយនឹងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជាដើម ដែលបានជជែកពីការផ្លាស់ប្ដូរយោបល់គ្នាក្នុងការពង្រឹងនូវកិច្ចការរវាងយុវជននៃប្រទេសទាំងពីឱ្យកាន់តែផុសផុលបន្ថែមទៀត។

ឯកឧត្តម ថងលី ស៊ីសូលីត ចង់ឃើញយុវជនកម្ពុជា និងយុវជនឡាវ កាន់តែបន្តនូវកិច្ចការគ្រប់វិស័យទាំងនៅក្នុងក្របខណ្ឌវប្បធម៌ នយោបាយនិងវិស័យដទៃទៀតឱ្យកាន់តែមានភាពរីកចម្រើន។

នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម ថងលី ស៊ីសូលីតចំពោះរបាយការណ៍ដែលបានធ្វើឡើងនៅក្នុងអំឡុងពេលនៃទស្សនកិចរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានសម្ដែងការគាំទ្រទាំងស្រុងចំពោះកិច្ចសហប្រតិបត្តិការ

រវាងយុវជននៃប្រទេសទាំងពីរហើយ សម្ដេចសង្ឃឹមថា យុវជនកម្ពុជា និងយុវជនឡាវនឹងរួមសាមគ្គីគ្នា និងបន្តនូវការចែករំលែកផ្លាស់ប្ដូរយោបល់ និងទស្សនៈគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌនៃយុវជនទាំងគណបក្ស និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះសម្ដេចតេជោក៏បានចែករំលែកនូវសារមួយចំនួនដែលជាបទពិសោធន៍ដល់ឯកឧត្តម ថងលី ស៊ីសូលីត បានស្ដាប់បន្ថែមពីពិសោធន៍អតីតកាលរបស់សម្ដេចក្នុងការដឹកនាំប្រទេស តាំងពីសម្ដេចនៅជាយុវជន រហូតដល់ដឹកនាំប្រទេសក្លាយទៅជាប្រទេសមួយដែលមានការអភិវឌ្ឍ និងជាប្រទេសដែលមានសន្តិភាព។ ឯកឧត្តមក៏បានសម្ដែងនូវការអរគុណចំពោះការចែករំលែកដ៏មានអត្ថន័យរបស់សម្ដេចតេជោ ហើយឯកឧត្តមបានលើកឡើងថា វាជាកិត្តិយសបំផុតសម្រាប់ឯកឧត្តមដែលបានស្ដាប់នូវការចែករំលែកដ៏មានតម្លៃរបស់សម្ដេច ឯកឧត្តមក៏បានលើកឡើងថា ដំបូន្មាន ពាក្យពេចន៍ដ៏មានតម្លៃរបស់សម្ដេចតេជោ នឹងក្លាយទៅជាមេរៀនមួយដ៏សំខាន់របស់ឯកឧត្តមនៅក្នុងការអនុវត្តក្នុងពេលខាងមុខ។

ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យឯកឧត្តមនិងប្រតិភូបានទទួលជោគជ័យនៅក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា៕


ចែករំលែក៖