ភ្នំពេញ៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងមុខងារសាធាណៈ និងកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) បានប្រារព្វធ្វើឡើងនៅ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង លោក Nick Berestord តំណាងនិវេសនដ្ឋាននៃកម្មវិធីអភិវឌ្ឍសហប្រជាជាតិប្រចាំកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់ស្ថាប័នទាំងពីរ សរុបចំនួន៣០រូប នៅទីស្តីការក្រសួងមុខងារសាធារណៈ។
ពិធីចុះអនុស្សារណៈនាថ្ងៃនេះ គឺដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ លើការងារកែទម្រង់រដ្ឋបាលសាធារណៈ ពិសេសសការជំរុញនវានុវត្តន៍ ការអភិវឌ្ឍសមត្ថភាពអ្នកគ្រប់គ្រងក្នុងវិស័យសាធារណៈ លើផ្នែកនវានុវត្តន៍ និងជំរុញទំនើបកម្មការផ្តល់សេវាសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ចល្អក្នុងស្ថាប័នរដ្ឋ។
ភាគីទាំងពីរ បានព្រមព្រៀងគ្នា ធ្វើសហប្រតិបត្តិការលើវិស័យការងារចំនួន ៤ គឺ៖ ១. ការបង្កើត និងការអនុវត្តគម្រោងនវានុវត្តន៍ក្នុងវិស័យសាធារណៈ ២.ការរៀបចំកម្មវិធីសិក្សាស្ដីពីនវានុវត្តន៍ក្នុងវិស័យសាធារណៈសម្រាប់សាលាភូមិន្ទរដ្ឋបាល ៣. ការលើកកម្ពស់ការផ្តល់សេវាសាធារណៈតាមរយៈប្រព័ន្ធឌីជីថល និងនវានុវត្តន៍ប្រកបដោយបរិយាប័ន្ន នៅក្នុងរដ្ឋបាលសាធារណៈកម្ពុជា ៤. ការកែសម្រួលនីតិវិធីនៃការផ្តល់សេវាសាធារណៈអាទិភាពមួយចំនួន។
ថ្លែងក្នុងពិធីខាងលើ លោក ព្រុំ សុខា បានគូសបញ្ជាក់អំពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការកសាងគ្រឹះនៃរដ្ឋបាលសាធារណៈបច្ចុប្បន្ន គោលដៅបន្តនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងសារៈសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រគ្នាទៅវិញទៅមក ឈានទៅសម្រេចគោលដៅរួម គឺការពង្រឹងអភិបាលកិច្ចល្អ នីតិរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងកាលៈទេសៈដែលកម្ពុជាក៏ដូចប្រទេសនៅជុំវិញពិភពលោកកំពុងរងការវាយប្រហារដោយជម្ងឺកូវជ១៩។
នៅក្នុងឱកាសននោះដែរ លោករដ្ឋមន្ត្រី ព្រុំ សុខា និងលោក Nick Beresford បានប្តេជ្ញាបន្តសហការឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងផ្តល់ការគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសនៃស្ថាប័នទាំងពីរបំពេញការងារក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ដូចមានកំណត់ក្នុងអនុស្សារណៈនៃការយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខានាថ្ងៃនេះ ឱ្យបានសម្រេចជាផ្លែផ្កាជូនប្រទេសជាតិ និងប្រជាជន ។
គួរបញ្ជាក់ថា UNDP ធ្លាប់បានផ្ដើមកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ចល្អ តាំងពីការចាប់ផ្តើមរៀបចំកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈដំបូងក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០៕
ដោយ៖សិលា