ពិភពលោក៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោកTedros Adhanom Ghebreyesus បានប្រកាសកាលពីថ្ងៃទី៣១ខែកក្កដាថា ផលប៉ះពាល់ដោយសារតែកូវីដ-១៩ មិនអាចបញ្ចប់ក្នុងរយៈពេលខ្លីនោះឡើយ គឺអូសបន្លាយជាច្រើនទសវត្សរ៍។
លោក Tedros Adhanom បានបញ្ជាក់ថា «កូវីដ-១៩គឺជាវិបត្តិសុខាភិបាលកើតឡើងម្តងក្នុងមួយសតវត្សរ៍»។ លោកបន្តទៀតថា ភាគច្រើនពលរដ្ឋនៅលើពិភពលោក ងាយរងផលប៉ះពាល់ដោយសារតែប្រភេទវីរុសនេះ។ ប្រទេសជាច្រើនធ្លាប់បានលើកឡើងថា បានឆ្លងកាត់ដំណាក់កាលអាក្រក់បំផុតនៃការឆ្លងរាលដាលកូវីដ-១៩ ។ ប៉ុន្តែពេលនេះនៅតែបន្តប្រឈមមុខដដែលហើយកាន់តែខ្លាំងជាងមុនទៀត។
បច្ចុប្បន្ន កូវីដ-១៩ បានឆ្លងរាលដាលដល់២១៣ប្រទេសនិងដែនដី គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧,៧៤៤,៧៨៨ នាក់ហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៨២,១៩២នាក់ និងជាសះស្បើយឡើងវិញ ១១,១៥១,៣២៨នាក់។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៧០៥,០២២នាក់ ស្លាប់ចំនួន ១៥៦,៧៤២នាក់ និងជាសះស្បើយចំនួន ២,៣២៧,០៧២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២នៃតារាងស្ថិតិអ្នកឆ្លងជំងឺកូវីដ-១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ២,៦៦៦,២៩៨នាក់ ស្លាប់ចំនួន ៩២,៥៦៨នាក់ និងជាសះស្បើយ ១,៨៨៤,០៥១នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១,៦៩៧,០៥៤នាក់ ស្លាប់ ៣៦,៥៥១នាក់ និងជាសះស្បើយ ១,០៩៥,៦៤៧នាក់៕
ដោយ៖ធី រីណា