ខេត្តស្វាយរៀង៖ លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចាត់លោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការរងអាជ្ញាធរមីន ដឹកនាំក្រុមការងារ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ចុះជួបសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ជូនវីរនារីអង្គភាពដោះមីន ខេត្តស្វាយរៀងឈ្មោះ គង់ សារឿន អាយុ៦២ឆ្នាំ រស់នៅភូមិអូរក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា៖ អ្នកស្រី គង់ សារឿន មានជំងឺស្ពឹកមួយចំហៀងខ្លួន ចំណែកលោក ភោគ សំអុល អាយុ៧០ឆ្នាំ ដែលជាស្វាមី មានជំងឺលើសឈាម ទឹកនោមផ្អែម បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាបជាមួយគ្នា។
លោក ស៊ុយ ជីហ៊ាង បានលើកឡើងថា ៖ អាជ្ញាធរមីន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន មិនដែលភ្លេចពីវីរភាពរបស់ប្រតិបត្តិករដោះមីនណាម្នាក់ចោលឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ស្របជាមួយនេះផងដែរ លោក ស៊ុយ ជីហ៊ាង ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរមីន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី ដែលបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការបោស សម្អាតមីននាពេលកន្លងមក ហើយលោក ស៊ុយ ជីហ៊ាង ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ នឹករលឹក និងសេចក្តីអាណិតអាសូពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំអាជ្ញាធរមីន ទាំងអស់ ដល់លោកស្រី គង់ សារឿន និងក្រុមគ្រួសារ ព្រមទាំងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ជូនលោកស្រីដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។
លោកស្រី គង់ សារឿន បានលើកដៃប្រណមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានចាត់តំណាងចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់លោកស្រី និងក្រុមគ្រួសារបានទាន់ពេលវេលា ដល់មន្ទីរពេទ្យ ហើយលោកស្រីសូមបួងសួងដល់វត្ថុស័ក្តសិទ្ធគ្រប់ទឹសទីក្នុងលោកតាមបីបាច់ថែរក្សាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ ប្រាជ្ញាវាងវៃ អាយុយឺនយួរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា អោយរីកចម្រើនថែមទៀត៕
ដោយ៖ សិលា