អន្តរជាតិ៖ ក្រុមអ្នកវិទ្យាសាស្ត្រនៅទូទាំងពិភពលោកភ្ញាក់ផ្អើលព្រោះការប្រញ៉ាប់ប្រញ៉ាល់របស់ប្រទេសរុស្ស៉ី ក្នុងកាផលិតវ៉ាក់សាំងកូវីដ–១៩នេះអាចនឹងមានផលមិនល្អវិញ ។ ខណៈដែលប្រទេសមួយនេះ បានអះអាងថា ខ្លួននឹងក្លាយជាប្រទេសទី១ដែលនឹងអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ១៩ ដោយចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ ដែលនឹងធ្វើឡើងនៅដើមខែតុលាខាងមុខនេះដោយវ៉ាក់សាំងដែលមិនទាន់បញ្ចប់ការពិសោធន៍នៅឡើយ ។
សូមជម្រាបថា រដ្ឋាភិបាលក្រុងមូស្គូ ដោយមើលឃើញពីភាពជោគជ័យរបស់ខ្លួនដូចការប្រកួតបង្ហោះផ្កាយរណបទៅទីអវកាសដែលសហភាពសូវៀត បានបាញ់បង្ហោះមុនគេលើពិភពលោកក្នុងឆ្នាំ១៩៥៧ ។ ប៉ុន្តែការពិសោធន៍វ៉ាក់សាំងកូវីដ១៩បានចាក់ដំបូងលើមនុស្សតែប៉ុន្មានសិបនាក់ កាលពីមិនដល់២ខែមុនផង ហើយក៏មិនមានភស្តុតាងផ្នែកវិទ្យាសាស្ត្រដែលបានបោះពុម្ភផ្សាយសម្រាប់គាំទ្រដល់ការប្រកួតប្រជែងរកវ៉ាក់សាំងដែលរុស្ស៊ីទើបតែចូលរួមក្រោយគេនេះទេ។ ដូច្នេះ គឺគ្មានអ្វីដែលយកមកបញ្ជាក់ថារុស្ស៊ីគួរតែជាអ្នកនាំមុខគេឡើយ។
ដោយឡែក អ្នកជំនាញច្បាប់សុខាភិបាលពិភពលោកនៃសាកលវិទ្យាល័យGeorgetown លោកឡូរឹន ហ្គូសស្ទីន (Lawrence Gostin) បានថ្លែងថា៖ «ខ្ញុំព្រួយបារម្ភថារុស្ស៊ីនឹងលេងផ្លូវកាត់ដូច្នេះវ៉ាក់សាំងដែលនឹងផលិតចេញមកប្រហែលជាមិនត្រឹមតែមិនមានប្រសិទ្ធភាពទេគឺថែមទាំងមិនមានសុវត្ថិភាពទៀតផង។ ដំណើរការផលិតគឺ មិនដូច្នេះទេ គេត្រូវសាកល្បងជាមុនសិន។ នេះជាដំណើរការសំខាន់ណាស់»។
បើតាមលោកគីរីល ដឺមីទ្រីវ (Kirill Dmitriev) ប្រធានមូលនិធិវិនិយោគទុនដោយផ្ទាល់របស់រុស្ស៊ីដែលគាំទ្រការស្រាវជ្រាវនេះ គឺវ៉ាក់សាំងដែលវិទ្យាស្ថានស្រាវជ្រាវកាម៉េឡេយ៉ានៅក្នុងទីក្រុងមូស្គូផលិតប្រហែលជានឹងត្រូវអនុម័តឲ្យប្រើក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះហើយ គឺនៅមុនពេលដែលអ្នកវិទ្យាសាស្ត្របញ្ចប់ការសិក្សានៅដំណាក់កាលទី៣ ។ ការសិក្សានៅដំណាក់កាលទី៣ដែលជាដំណាក់កាលចុងក្រោយគឺប្រើមនុស្សជាច្រើនម៉ឺននាក់ដើម្បីបញ្ជាក់ថាវ៉ាក់សាំងពិសោធន៍នោះមានប្រសិទ្ធភាពនិងសុវត្ថិភាព៕ដោយ៖ស តារា