ខេត្តបន្ទាយមានជ័យ៖ ហេតុការណ៍គួរឱ្យសង្វេគបំផុត ខណៈត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ មនុស្ស៥នាក់បានបាត់បង់ជីវិត និង៤នាក់ទៀតរងរបួស ករណីបាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់អគារ( ដឺផាក សុីធី ប៉ោយប៉ែត THE PART CITY POIPET )
កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅជិតសាលាចិន ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចនិងអាជ្ញាធរនៅកន្លែងកើតហេតុបានឱ្យដឹងថា៖ មុនពេលកើតហេតុ កម្មករនិងបុគ្គលិកធ្វើសំណង់អគារ( ដឺផាក សុីធី ប៉ោយប៉ែត THE PART CITY POIPET )បានយកដងសន្ទួចមកដាក់ដើម្បីស្ទួចយកជញ្ជាំងថ្មឡើងទៅលើអគារ ប៉ុន្តែពួកគេធ្វើការធ្វេសប្រហែសខណៈយកជើងទ្រដងសន្ទួចទៅដាក់លើលូ ហើយពេលធ្វើសកម្មភាពដោយដងសន្ទូចផ្ទុកទម្ងន់ធ្ងន់ពេកក៏បណ្តាលឱ្យផុងជើងដងសន្ទូច រួចក៏បន្តបាក់ដងសន្ទួចធ្លាក់ជញ្ជាំងថ្មសង្កត់លើមនុស្សស្លាប់ និងរបួសរដូករណែល ខ្លះស្ថិតនៅក្រោមថ្មជាដើម។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះយ៉ាងហោចណាស់ក៏មានមនុស្ស៩នាក់រងគ្រោះ គឺ៥នាក់បានបាត់បង់ជីវិត និង៤នាក់រងរបួស។
ជនរងគ្រោះរួមមាន៖
១-ឈ្មោះ ឈន ហុង ភេទស្រី (ស្លាប់)
២-ឈ្មោះ យាយ ឡឹក ភេទស្រី (ស្លាប់)
៣-ឈ្មោះ សេង ម៊ុយគា ភេទស្រី (ស្លាប់)
៤-ឈ្មោះ ចៅ លី ភេទស្រី (ស្លាប់)
៥-ឈ្មោះ ស្រី ណាស់ ភេទស្រី (ស្លាប់)។ ដោយឡែកអ្នករបួសរួមមាន៖
១-ឈ្មោះ កា សុមាមន ភេទស្រី (រងរបួស)
២-ឈ្មោះ ដា ស ភេទស្រី (រងរបួស)
៣-ឈ្មោះ ស្រី ពេជ្រ ភេទស្រី (រងរបួស)
៤-ឈ្មោះ ខាន់ សុីឌី ភេទស្រី (រងរបួស)
ក្រោយកើតហេតុ គណៈបញ្ជាការឯកភាពខេត្ត លោក អ៊ុំ រាត្រី បានចុះមកដឹកនាំ សមត្ថកិច្ច អាជ្ញាធរ ជំនាញ ជួយធ្វើអន្តរាគមន៍យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងដឹកសពចេញពីគំនរថ្ម ដែក ហើយកំពុងបន្តស្រាវជ្រាវពីមូលហេតុ ដែលម្ចាស់សំណង់ ឬក្រុមហ៊ុនម៉ៅការ ធ្វើការធ្វេសប្រហែស ហើយតើមានច្បាប់ ឬអត់។
ចំណែកផ្ទះប្រជាពលរដ្ឋត្រូវបានខូចខាតចំនួន០១ល្វែង ដែលទំហំ៥ម x ២០មដែលម្ចាស់កម្មសិទ្ធឈ្មោះ សៅ កូ ភេទប្រុស អាយុ៥៥ឆ្នាំ។
មូលហេតុខាងលើកើតឡើងដោយសារខ្យល់ខ្លាំងពេកបណ្ដាលអោយស្រុតដីក្រឡាប់រថយន្តស្ទួចខាងលើ រួចបាក់ដងសន្ទួចធ្លាក់លើផ្ទះប្រជាពលរដ្ឋ។
ក្រោយមកបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ពុធ លីវិន ភេទប្រុស អាយុ២០ឆ្នាំ ជាតៃកុងរថយន្តស្ទួច រស់នៅក្នុងការដ្ឋានសំណង់កន្លែងកើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនកំពុងសួរនាំទៅតាមនីតិវិធី៕
ដោយ៖ សុខ ខេមរា