ភ្នំពេញ៖ បើយោងតាមលោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ បានឱ្យដឹងថា៖ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ លោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ពីបទ «ញុះញង់ឲ្យមានភាពវឹកវរ និងបង្កអសន្តិសុខដល់សង្គមជាតិ តាមបញ្ញត្តិមាត្រា៤៩៤.៤៩៥ នៃក្រមព្រហ្មទណ្ឌ»ក្រោយការស៊ើបសួរត្រូវបានបញ្ចប់ ។
លោកព្រះរាជអាជ្ញារងបានបញ្ជូនសំណុំរឿងទៅឱ្យចៅក្រមស៊ើបសួរបន្តចំណាត់ការតាមនីតិវិធី។
លោក សួង សុភ័ណ្ឌ អតីតសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែង ញុះញង់បំភ្លៃការណ៍ពិតលើបញ្ហាព្រំដែន បន្ទាប់ពីលោកបានធ្វើត្រាប់តាមលោក រ៉ុង ឈុន កៀរគរកម្លាំងយុវជនចុះទៅតំបន់ព្រំដែន នៅខេត្តត្បូងឃ្មុំ ហើយវាយប្រហាររាជរដ្ឋាភិបាលអំពីការបោះបង្គោលព្រំដែន៕ដោយ៖ សិលា