ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូជែងរថយន្តជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យខ្ទាតចូលក្រោមរថយន្តកិនស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូជែងរថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យដួលខ្ទាតចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ចោមចៅ២ ខណ្ទពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ពាក់អាវពណ៌ខៀវដាក់ស្លាកសញ្ញាCSG។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកMSXពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1U-4082ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុបានវ៉ាជែងរថយន្តធុនធំមួយគ្រឿងស្រាប់តែជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CD-3259បើកបរដោយបុរសម្នាក់និងនារីម្នាក់ទៀតជាអ្នករួមដំណើរជាមួយគ្នាក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូMSXដួលខ្ទាតចូលទៅក្រោមរថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ម្នាក់ ស្រាលម្នាកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយរថយន្តក៏បន្តដំណើរទៅមុខទៀតបាត់ស្រមោល។

ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុរួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការដ្ឋានរាជធានីភ្នំពេញមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះក្រោយធ្វើកំណត់ហេតុរួចបានដឹកយកមកតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖