ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់មានជំនាញខាងឆ្កឹះសោលួចទ្រព្យសម្បត្តិគេ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជំនាញខាងឆ្កឹះសោបន្ទប់ជួលលួចទ្រព្យសម្បត្តិគេម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ធ្វើការឃាត់ខ្លួនផ្អែកទៅតាមបណ្តឹងរបស់អ្នកភូមិ ព្រោះថាពួកគាត់បានបាត់របស់របរញឹកញាប់ពេក ហើយពេលឆែកពិនិត្យមើលតាមរយៈកាមេរ៉ាសុវត្ថិភាព ទើបស្គាល់មុខមាត់ជនសង្ស័យពិត និងដកហូតបានដែកប្រើសម្រាប់ឆ្កឹះសោ ព្រមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ កែប ប៊ុន្នី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិសូរ្យសែង ឃុំសូរ្យសែង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្រោយពីទទួលពាក្យបណ្តឹងរបស់អ្នកភូមិដោយសារតែបាត់បង់ទ្រព្យសម្បត្តិញឹកញាប់ពេកសមត្ថកិច្ចជំនាញក៏ឆែកមេីលកាមេរ៉ាសុវត្ថិភាពឃេីញមុខមាត់ជនសង្ស័យក៏ធ្វេីការឃាត់ខ្លួនតែម្តងនិងដកហូតដែកសម្រាប់ឆ្កឹះសោមួយឈុតនិងសម្ភារមួយចំនួនទៀត។ 

បន្ទាប់ពីឃាត់ខ្លួនរួចជនសង្ស័យត្រូវកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖