ខេត្តពោធិ៍សាត់ ៖ អ្នកស្នាក់នៅរកសុីអារ-លក់ឈើម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ចនគរបាលបន្តនីតិវិធី បន្ទាប់ធ្វើសកម្មភាពខ្ចីម៉ូតូគេជិះក្នុងគោលបំណងមិនល្អរហូតជិះម៉ូតូអស់សាំង ក៏បន្តលួចរថយន្តគេ១គ្រឿងទៀតតែត្រូវអស់លក្ខណ៍ម្ចាស់ចាប់បាន។
ហេតុការណ៍ពលរដ្ឋឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចនេះ បានធ្វើឡើងនៅវេលាម៉ោង៤ និង១៥នាទី រសៀលថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅមុខវត្តបក្សីចាំក្រុង ហៅវត្តអូរបាក់ត្រាលើ ស្ថិតនៅភូមិអូរបាក់ ឃុំព្រងិល ស្រុកភ្នំពេញ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខែម រ៉ាវី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មកស្នាក់នៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីរកស៊ី(អារលក់ឈើ) ។
បើតាមស្រ្តីឈ្មោះ សឿន ឡាយ ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ បានរៀបរាប់ប្រាប់សមត្ថកិច្ច នៅវេលាម៉ោងខាងលើ ជនសង្ស័យ(ខែម រ៉ាវី)បានខ្ចីម៉ូតូរបស់គាត់ម៉ាកហុងដា វ៉េវអុី ពណ៌ខ្មៅ គ្មានស្លាកលេខដើម្បីទៅទិញបង្អែមហូបនៅមុខមួយភ្លែត ។ ការពិតជនសង្ស័យមានទាំងបង្វិចខោអាវយកមកជាមួយក្នុងគោលបំណងជិះម៉ូតូទៅលេងស្រុកឯនៅខេត្តកំពតឯណោះ ប៉ុន្តែជិះមកដល់ចំណុចខាងលើសំណាងមិនល្អម៉ូតូអស់សាំង ក៏បានទុកម៉ូតូចោល។បន្ទាប់មកជនសង្ស័យឃើញគេចតរថយន្តក្នុងរបងផ្ទះនិងឃើញសោនៅក្នុងរថយន្តដូចទំនង ក៏ចូលទៅបើកទ្វាររថយន្តគេដើម្បីបញ្ឆេះ តែត្រូវម្ចាស់គេទាន់ចាប់បានយកទៅប្រគល់ជូនសមត្ថកិច្ចនគរបាលចាត់ការតែម្តង។
ប្រភពព័ត៌មានដដែលបន្តទៀតថា បច្ចុប្បន្ន ជនសង្ស័យ(ខែម រ៉ាវី)ត្រូវសមត្ថកិច្ចនាំយកទៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបន្តនីតិវិធី ៕ ដោយ៖បុឹម ពិន