ភ្នំពេញ៖ បើយោងតាមប្រភពពី Cr. សំណង់ប្រាសាទបុរាណ និងអរិយធម៌ខ្មែរ បានបញ្ជាក់ថា៖ ព្រះព្រហ្មគឺជាអទិទេពមួយអង្គនៅក្នុងចំណោមអទិទេពសំខាន់ៗក្នុងព្រហ្មញ្ញសាសនា។បើសិនជាសម្លឹងទៅលើលិទ្ធិត្រីមូល៌តិវិញ ព្រះព្រហ្មជាអទិទេពកំពូលក្នុងចំណោមអទិទេពទាំង៣អង្គមាន ព្រះសីវៈ ព្រះវិស្ណុ និងព្រះព្រហ្ម។
តាមការសិក្សានៅក្នុងគម្ពីរវិស្ណុបុរាណបានឱ្យដឹងថា ព្រះព្រហ្មជាអទិទេពមួយអង្គដែលបានកើតឡើងពីផ្កាឈូកមួយទងដែលបានដុះចេញពីទងផ្ចិតរបស់ព្រះវិស្ណុ នៅខណៈពេលដែលព្រះវិស្ណុទ្រង់ផ្ទុំលើមហាសមុទ្ទអន្ថកាល។ផ្កាឈូក១០០០ស្រទាប់ដែលដុះចេញមកនោះរីកកាលណាមានអទិទេពមួយអង្គបានផុសចេញនៅចំកណ្តាលគឺអង្គព្រះព្រហ្ម។ព្រះព្រហ្ម មានព្រះនាម២គឺ៖ ព្រះព្រហ្មហិរ្យគភ៌ ឬព្រះបទុមណាហ្វា។ព្រះព្រហ្មមានតួនាទីបង្កើតលោក និងរក្សាព្រហ្មចារ្យលោក ហើយព្រះព្រហ្មមានសម្បុរពណ៌ផ្កាឈូក ទ្រង់អម្ពរពណ៌ស គង់លើផ្កាឈូក១០០០ស្រទាប់ លក្ខណៈសម្គាល់ព្រះព្រហ្មបានគឺ៖ មានព្រះភ័ក្ត្រ៤ ព្រះហស្ថ៤ ដោយមានកាន់កេតណភ័ណ្ឌ៤យ៉ាងមានដូចជា ថាស ស្លាបព្រា ថូទឹក និងខ្សែផ្គាំ។ ព្រះភ័ក្រ្តទាំង៤របស់ព្រះព្រហ្មតំណាងឱ្យ៖
• ព្រះភ័ក្ត្រខាងកើត តំណាងឱ្យកំណើតសត្វលោក
• ព្រះភ័ក្ត្រខាងលិច តំណាងឱ្យការវិលស្លាប់របស់សត្វលោក
• ព្រះភ័ក្ត្រខាងជើង តំណាងឱ្យ ដូងព្រលឹងកំពូល
• ព្រះភ័ក្ត្រខាងត្បូង តំណាងឱ្យភាពបរិសុទ្ធ។
តាមការកំណើតរបស់ព្រះព្រហ្មដែលកើតពីផ្កាឈូកមានព្រះភ័ក្ត្រចំនួន៥តែព្រះភ័ក្រ្តទី៥ត្រូវបានព្រះសីវៈកាត់បំផ្លាញចោលនៅពេលដែលប្រព្រឹត្តកំហុស។
ព្រះព្រហ្មមានមហាសី១អង្គមានព្រះនាមថា”សរស្វតី” ដែលមានកំណើតផុសចេញពីទឹកស្រះព្រហ្មលោកសួគ៌ជាន់ទី១៦ជាទេពធិតាតំណាងដូរ្យតន្ត្រី និងសិរីសួស្តី។
ព្រះព្រហ្មមានបុត្រា២អង្គនិងបុត្រី១អង្គគឺ៖
១. ព្រះព្រហ្មទសក្ស ជាព្រហ្មមានពន្លឺ១០ពណ៌ និងមានព្រះឱស្ឋទិព្វ គង់នៅឋានព្រហ្មលោកជាន់ទី១៥។
២. ព្រះព្រហ្មភ៌គុ(ភរគុ) ជាអទិទេពតំណាងឱ្យអំណាចរបស់ឋានសួគ៌ទាំងអស់ គង់នៅឋានព្រហ្មលោកជាន់ទី១៤។
៣.ព្រះព្រហ្មភេទស្រី ព្រះនាម ទេពធីតាសំធ្យា ឬសន្ធិយា គង់នៅឋានព្រហ្មលោកជាន់ទី១៣។
ចំពោះយានជំនះរបស់ព្រះព្រហ្មគឺ៖ ផ្កាឈូក១០០០ស្រទាប់ និងសត្វហង្ស។នៅពេលព្រះព្រហ្មប្រថាប់នៅលើហង្សក្នុងទម្រងលក្ខណៈចេញច្បាំងតែប៉ុណ្ណោះ។
នៅលក្ខណៈខ្មែរក៏ដូចជាលក្ខណៈរបស់ឥណ្ឌាដែរ គឺមិននិយមកសាងប្រាសាទឧទ្ទិសថ្វាយព្រះព្រហ្មទេដោយសារព្រះព្រហ្មមានកំហុសធំ២យ៉ាងគឺ៖
១.នៅក្នុងរឿងសសរភ្លើងឥស្វរៈ មានរឿងដំណាលថានៅក្នុងវេលាមួយព្រះវិស្ណុ និងព្រះព្រហ្មបានជជែកគ្នាអំពីរឿងអ្នកបង្កើតលោក ដោយអទិទេពទាំង២សុទ្ធតែអះអាងថាជាអ្នកបង្កើតលោករៀងៗខ្លួននៅខណៈពេលនោះក៏មានសសរភ្លើងមួយដើមបានផុសចំកណ្តាអទិទេពទាំងពីរ។ ភ្លាមនោះមានសម្លេងមួយបានបន្លឺឡើងចេញពីសសរភ្លើងនោះថា បើនរណាអាចរកកំពូលនិងបាតសសរភ្លើងឃើញ អ្នកនោះទើបជាអ្នកបង្កើតលោកពិតប្រាកដ។ខណៈពេលនោះដែលព្រះវិស្ណុបាននិមិត្តអង្គកាយក្លាយជាជ្រូកព្រៃដើម្បីឈ្មុលរកបាតសសរភ្លើង រីឯព្រះព្រហ្មវិញបាននិមិ្មត្តអង្គកាយក្លាយជាសត្វហង្ស ហោះទៅរកកំពូលសសរភ្លើង។អទិទេពទាំង២អង្គទោះបីខំជ្រែកដី ពុះមេឃយ៉ាងណាក៏មិនអាចរកបាត និងកំពូលសសរភ្លើងបានសោះ។ព្រះវិស្ណុដោយរកសសរភ្លើងមិនឃើញ ក៏ព្រមចុះចាញ់ត្រឡប់មកកន្លែងដើមវិញ។ចំណែកឯព្រះព្រហ្មដោយខ្លាចចាញ់ព្រះវិស្ណុ ក៏បានប្រាស់ចាកភាពបរិសុទ្ធរបស់ខ្លួន ដោយយកផ្កាកិកីដែលជាប្រភេទផ្កាដែលរបស់ពួកខ្មោចព្រាយបិសាច ហើយត្រឡប់មកកន្លែងដើមវិញ ហើយមានបន្ទួលទៅកាន់អង្គព្រះវិស្ណុថា ព្រះអង្គបានរកឃើញសសរភ្លើងហើយដោយមានផ្កាកិកីជាភស្តុតាង។ខណៈនៅដែលព្រះវិស្ណុទ្រង់មិនជឿដោយព្រះអង្គស្គាល់ផ្កានោះច្បាស់ ស្រាប់តែសសរភ្លើងបានបន្លឺសម្លេងថា គឺខ្ញុំទេជាអ្នកបង្កើតលោក ហើយបានបន្ថែមទៀតថាព្រះព្រហ្មទ្រង់បានកុហកព្រះហេតុគ្រប់យ៉ាងព្រះអង្គបានឃើញគ្រប់សព្វព្រោះព្រះអង្គគឺជាសសរភ្លើងឥស្វរៈ ដែលជាអ្នកបង្កើតលោកទើបគ្មាននរណាអាចរកបាតនិងកំពូលសសរភ្លើងឃើញ។មិនយូរប៉ុន្នានសសរភ្លើងក៏បានប្រែព្រះកាយជាទៅជាព្រះសីវៈមួយរំពេច ហើយព្រះអង្គបានបែងព្រះកាយផ្នែកខាងឆ្វេងទៅឱ្យព្រះវិស្ណុព្រោះព្រះវិស្ណុ ជាអទិទេពបាននិយាយពាក្យត្រឹមត្រូវ និងផ្នែកខាងស្តាំទៅឱ្យព្រះព្រហ្មព្រោះព្រះព្រហ្ម ជាអទិទេពមិននិយាយពាក្យត្រឹមត្រូវ។
២.នៅក្នុងរឿងដើមកំណើតព្រះកាមទេព
កាលដែរព្រះកាមទេពបានប្រសូត្រពីព្រះម៉ែលក្ស្មីជាមហេសីរបស់ព្រះវិស្ណុ ព្រះអង្គមានកាន់ធ្នូ និងសរកាមទេពជាប់ពិកំណើត។ ពេលនោះកាមទេពជាអទិទេពដែលនៅមិនទាន់ស្គាល់អស់ពពួកអទិទេពនៅឡើយទេ ដោយសំអាងលើមហិរិទ្ធិនៃសរកាមទេពរបស់ខ្លួនមិនត្រឹមតែប៉ុណ្ណោះកាមទេពបានយឺតធ្នូតម្រង់ទៅគ្រប់ទិសទី។ ខណៈពេលយឺតធ្នូនោះអទិទេពគ្រប់ទិសទីមានការភិតភ័យរន្ធត់យ៉ាងខ្លាំង លើកដៃសំពះព្រមចុះចាញ់អំណាចសរកាមទេពគ្រប់ៗអង្គ។ ឃើញហេតុការណ៍បែបនោះកាមទេពសប្បាយត្រេកអរខ្លាំងណាស់ លើកធ្នូតម្រង់ទៅលើស្រាប់តែប្រទះឃើញអទិទេពមួយអង្គកំពុងអង្គុយធ្វើតបៈយោគៈមិនព្រមសំពះចុះចាញ់អំណាចរបស់ខ្លួនខឹងណាស់ ក៏លើធ្នូតម្រង់បាញ់ទៅអទិទេពអង្គនោះភ្លាមដោយមិនស្គាល់ថាជា ព្រះព្រហ្ម។
ថ្លែងអំពីព្រះព្រហ្មព្រះអង្គអង្គុយធ្វើតបៈយោគៈនៅព្រហ្មលោកជាន់ទី១៦ មិនដឹងហេតុការណ៍អ្វីទាំងអស់។ បន្តិចក្រោយមកសរកាមទេពបានហោះដោតចំកណ្ដាលដើមទ្រូងព្រះព្រហ្មភ្លាម។ ពេលនោះព្រះព្រហ្មភ្ញាក់អស់ព្រះកាយដោយអំណាចនៃសរកាមទេពដែលជាសរនៃសេចក្ដីស្នេហា កាមគុណ។ ត្រូវសរភ្លាមព្រះព្រហ្មក្រលេចរកមហេសីព្រះម៉ែសរស្វតី តែរកពុំឃើញដោយព្រះម៉ែសរស្វតីកំពុងធ្វើតបៈយោគៈនៅចំកណ្ដាលស្រះទឹកនៃព្រហ្មលោក។ បន្ទាប់ពីរកមហេសីពុំឃើញបែបនេះព្រះព្រហ្មបានចុះមកព្រហ្មលោកជាន់ទី១៥ និង១៤ជាបន្តបន្ទាប់ តែព្រហ្មលោកទាំងពីរជាន់នេះគ្មានស្រីសោះ ក៏បន្តដំណើរចុះមកព្រហ្មលោកជាន់ទី១៣បន្តទៀត។ លុះមកដល់ព្រហ្មលោកជាន់ទី១៣ភ្លាមព្រះនាងសំធ្យាឃើញបិតាយាងចុះមកត្រេកអរណាស់រត់មកទទួលបិតាភ្លាម។ ហើយស្រាប់តែត្រូវព្រះព្រហ្មចាប់ហែកសំលៀកបំពាក់បម្រុងនឹងរំលោភ ឯពពួកទេវតាទាំងឡាយពុំហ៊ានចូលមកជួយឡើយ។ ដោយភាពខ្មាស់អៀនទេពធីតាសំធ្យាបានស្រែកឲ្យព្រះម៉ែឱម៉ាជួយ។ ពញរះនាងឱម៉ាបានលឺការស្រែកសុំជំនួយក៏ទូលរឿងនេះទៅព្រះសីវៈឲ្យចុះមកធ្វើអន្តរគមន៍ដើម្បីជួយសង្រ្គោះទេពធីតាសំធ្យា។ ពេលមកដល់ព្រះសីវៈបានច្រានព្រះព្រហ្មចេញហើយបានលើកព្រះខ័នកាត់ព្រះភក្រ្ត័ទី៥របស់ព្រះព្រហ្មដាច់ខាតនៅពេលនោះទៅ។ ក្រោយពីត្រូវព្រះសីវៈកាត់ព្រះភក្រ្ត័ហើយ ព្រះព្រហ្មបានស្វាងពីរិទ្ធិរបស់សរកាមទេពភ្លាម។ ព្រះសីវៈក្រលេកឃើញសរកាមទេពផុសចេញពីដើមទ្រូងរបស់ព្រះព្រហ្មទើបព្រះអង្គភ្ញាក់ព្រះកាយភ្លាម ព្រោះព្រះព្រហ្មគ្មានកំហុសនោះទេហេតុគឺបណ្ដាលមកពីសរកាមទេពជាដើមហេតុរឿង។ ដោយសារការខឹងច្រលោតភ្លេចពិចារណារបស់ព្រះសីវៈបានកាត់ព្រះភក្រ្ត័ព្រះព្រហ្មដែលធ្វើឲ្យព្រះសីវៈជាប់កម្មពៀនឹងព្រះព្រហ្ម។
រីឯព្រះវិស្ណុវិញឃើញព្រះកាមទេពប្រព្រឹត្តិកំហុសយ៉ាងធ្ងន់ធ្ងរមិនអាចអត់ទោសបានព្រះអង្គបានរៀបផ្សំផ្គុំអភិសេកជាមួយ នឹងទេពធីតាសំធ្យាដើម្បីទទួលកំហុស។ ចំណែកទេពធីតាសំធ្យាខ្មាស់អស់អទិទេពទាំងឡាយក៏ទូលសុំព្រះសីវៈឲ្យនាងមានរូបតែពេលយប់ហើយបាត់រូបនៅពេលថ្ងៃ ព្រមនឹងបានប្ដូរឈ្មោះជា សន្ធិយាវិញ។ តាមការប្រព្រឹត្តិកំហុសព្រះកាមទេពត្រូវមានជាប់កម្មពៀវេរាជាមួយព្រះសីវៈដែលបណ្ដាលឲ្យព្រះសីវៈកាត់ព្រះភក្រ្ត័ព្រះព្រហ្មទាំងដែរគ្មានកំហុសហើយត្រូវបានព្រះសីវៈដុតបំផ្លាញ់នៅពេលអនាគត៕
ប្រភព៖ ទទក