ព័ត៌មានទាន់ហេតុការណ៍៖

បក្ខពួកក្រុមចោរគាស់ផ្ទះលួចម៉ូតូ ប្រដាប់ដោយអាវុធនៅខេត្តកំពង់ស្ពឺត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌតាមក្របួចបានហើយ

ចែករំលែក៖

ភ្នំពេញ៖ បក្ខពួកសេសសល់របស់ក្រុមចោរគាស់ផ្ទះលួចយកម៉ូតូ១គ្រឿង និងបានបាញ់ទៅលើបងប្អូនជនរងគ្រោះបណ្តាលឱ្យរងរបួស២នាក់កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទីទៀបភ្លឺនៅចំណុចភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនោះ ពេលនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋានខេត្តកំពង់ស្ពឺដែលជាម្ចាស់ករណី និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបើកការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតហើយ។

ប្រតិបត្តិការនេះក្រោមការបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយពីកើតហេតុ។

ដោយទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការខេត្តកំពង់ស្ពឺ ដែលជាម្ចាស់ករណី និងស្នងការនគរបាលខេត្តព្រៃវែងលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ទទួលបន្ទុកព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិសំព័រ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែងនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។
ជនសង្ស័យឈ្មោះ មាន ធុល ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិសំព័រ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំយកមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួររួចហើយបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដែលជាម្ចាស់ករណីដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។

គួររំលឹកថា កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ មានករណីលួចគាស់ផ្ទះយកម៉ូតូ មួយកើតទ្បើងនៅចំណុចភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្កដោយជនសង្ស័យ២នាក់ បានធ្វើសកម្មភាពគាស់ផ្ទះលួចយកម៉ូតូមួយគ្រឿងម៉ាក ស្គូពី ពាក់ស្លាកលេខកំពង់ស្ពឺ 1Q-2502 របស់ជនរងគ្រោះឈ្មោះ ប៊ុត ចិត្រា។ ក្រោយពីដឹងថាបាត់ម៉ូតូ ជនរងគ្រោះបានទូរស័ព្ទទៅបងប្អូនឈ្មោះ ប៊ុត ពិសិដ្ឋ និងឈ្មោះ ហួន លីហាក់ ឲ្យជួយជិះម៉ូតូមើលតាមផ្លូវជាតិលេខ៤ ក្រែងបានជួបប្រទះ ។

សូមបញ្ជាក់ផងដែរថាពេលនោះឈ្មោះ ប៊ុត ពិសិដ្ឋ និងឈ្មោះ ហួន លីហាក់ បានប្រទះឃើញម៉ូតូដែលជនសង្ស័យបានលួចនៅចំណុចគីទ្បូម៉ែត្រលេខ៣៩ និងលេខ ៤០ ហើយអ្នកទាំងពីរបានយកមួកសុវត្ថិភាពវាយក្បាលជនសង្ស័យ ធ្វើឱ្យជនសង្ស័យភ័យក៏ផ្តួលម៉ូតូរត់គេចខ្លួន។ បន្ទាប់មកជនសង្ស័យម្នាក់ក្នុងចំណោមនោះបានដកកាំភ្លើងខ្លីបាញ់ទៅលើជនរងគ្រោះទាំងពីរបណ្តាលឲ្យរងរបួស។ ក្រោយមកសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ មឿន ហៅ សុខ នឿន ភេទប្រុស អាយុ ៤០ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ទៅ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖