ខេត្តព្រះសីហនុ៖ សមត្ថកិច្ច បានឃាត់ជនជាតិចិននិងអ្នកកាសែតមួយក្រុម សរុបមានគ្នា៦នាក់ ពាក់ព័ន្ធការបន្លំខ្លួនជាសមត្ថកិច្ចខេត្តព្រះសីហនុ ហើយទម្លាក់គ្រឿងញៀនចូលឡានជនជាតិចិន រួចជំរិតទារប្រាក់ចំនួន៤ពាន់ដុល្លារ ។
របាយការណ៍ពីសមត្ថកិច្ច ដែលទើបទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ បង្ហាញថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១៖០០នាទី មានជន ជាតិចិនម្នាក់ ភេទប្រុស បានមកដាក់ពាក្យបណ្តឹង ថា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២៣៖៣០នាទី មានជនសង្ស័យមួយក្រុម ជាជនជាតិខ្មែរ មានគ្នា៥នាក់ ស្លៀកពាក់ស៊ីវិល ជិះរថយន្ត១គ្រឿង ប្រភេទ PICK UP ពណ៌ស និង ម៉ូតូ២គ្រឿង អះអាងថា ជាសមត្ថកិច្ចប៉ូលិស បានធ្វើសកម្មភាពកាក់រថយន្តរបស់ជនរងគ្រោះជាជនជាតិចិនមួយគ្រឿង ម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 2C-9291 ក្នុងខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវទៅបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បន្ទាប់មកក្រុមជនសង្ស័យទាំងនោះបានធ្វើការឆែកឆេរក្នុងរថយន្តរបស់ជនរងគ្រោះ ក៏បានទម្លាក់គ្រឿងញៀន១កញ្ចប់ នៅក្នុងរថយន្តរបស់ជនរងគ្រោះ ដើម្បីចោទប្រកាន់ថា គ្រឿងញៀនជារបស់ជនរងគ្រោះ រួចគំរាមទារប្រាក់ពីជនរងគ្រោះចំនួន៤ពាន់ដុល្លារអាមេរិក ។ បើមិនព្រមឲ្យទេក្រុមជនសង្ស័យទាំងនោះនឹងចាប់ជនរងគ្រោះទៅប៉ុស្តិ៍ប៉ូលិស ។
ដោយមានការភ័យខ្លាច ជនរងគ្រោះក៏ទូរស័ព្ទទៅប្រពន្ធដើរខ្ចីលុយពីមិត្តភក្តិបានចំនួន២,៣០០ដុល្លារ យកទៅប្រគល់ឲ្យក្រុមជនសង្ស័យ ដោយសន្យាថា ប្រាក់ដែលនៅ សល់នឹងឲ្យនៅពេលក្រោយ ។
របាយការណ៍ ដដែលៗបន្តថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ រួច , ដោយមានបញ្ជាដឹកនាំពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង ដឹកនាំសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ នោះ លោកស្នងការ ជួន ណារិន្ទ បានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យសរុប៦នាក់ មានជនជាតិចិនម្នាក់ ជាបន្តបន្ទាប់ នៅវេលាម៉ោង១៩៖៣០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ។
ជនរងគ្រោះឈ្មោះ ZHANG KANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ បាត់បង់ លុយ២,៣០០ដុល្លារអាមេរិក ។
ជនសង្ស័យទាំង៦នាក់ រួមមាន ៖
១-ឈ្មោះ ហាក់ សុធាបញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ភ្នាក់ងារសារពត៌មាន កម្ពុជាញូវផ្លាស មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ អ៊ួន ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរភ្នាក់ងារសារ ព័ត៌មាន CAM POST មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ ចិន ប៊ុនធឿន ហៅ រាជ្យ ភេទប្រុស អាយុ ២៧ឆ្នាំ មុខ របរ ភ្នាក់ងារសារព័ត៌មាន NEWS Online មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ ចំរើន លាងម៉េង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ម៉ៅការសំណង់ និងជួលរថយន្ត មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៥-ឈ្មោះ ស៊ឹម សុខដា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជំនួយការរបស់ឈ្មោះ អ៊ួន ប្រុស ភ្នាក់ងារសារពត៌មាន CAM POST មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៦-ឈ្មោះ ZHOU DONGYA ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ រត់តាក់ស៊ី កាន់លិខិតឆ្លងដែនលេខៈ EF3093157 មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យ បានសារភាពថា ពួកគេពិតជាបានកាក់ឃាត់រថយន្តឆែកឆេរក្នុងរថយន្តនិងជំរិតទារយកប្រាក់បានចំនួន២,៣០០ដុល្លារ ពីជនរងគ្រោះប្រាកដមែន ។ ករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី ៕ ដោយ៖ចេស្តា