ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដង្កោ​ឡោមព័ទ្ធ​ឃាត់ខ្លួនជនសង្ស័យ៥នាក់​ពាក់ព័ន្ធ​ករណីគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ​

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោ​ សហការជាមួយកម្លាំងជំនាញផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ ធ្វេីការឡោមព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យជាចោរគាស់ផ្ទះ៥នាក់​កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចបុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់សោផ្ទះគេលួចយកទ្រព្យសម្បត្តិ)។

​ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យ៥នាក់ដែលឃាត់ខ្លួនបានរួមមាន​ ៖​ ទី១-ឈ្មោះ ម៉ិញ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡំប្រឺតា ស្នាក់នៅផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ សេង ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី៣-ឈ្មោះ យឿន យ៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៤-ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៥-ឈ្មោះ ខែក សុភារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡំប្រឺតា ស្នាក់នៅផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងចាប់យករួមមាន​ ៖ ១-ឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GS-3459 ចំនួន១គ្រឿង , ២-ឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HU-1437 ចំនួន១គ្រឿង ,៣-ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IA-8481ចំនួន១គ្រឿង , ៤-ទូរស័ព្ទដៃចំនួន៣គ្រឿង (ម៉ាកIphone5s ពណ៌ទឹកមាសចំនួន១ គ្រឿង, ម៉ាក Skyview ពណ៌ទឹកមាសចំនួន១គ្រឿង, ម៉ាក le-tide ពណ៌ខ្មៅចំនួន១គ្រឿង) ។

​ សមត្ថកិច្ចបានឲ្យដឹងទៀតថា​ មុនកេីតហេតុ​ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញាកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានសហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជិះម៉ូតូ ល្បាតក្នុងភូមិសាស្ត្រ មកដល់ចំណុចបុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនោះកម្លាំងសមត្ថកិច្ចយើងបានឃើញជនសង្ស័យមួយក្រុមកំពុងធ្វើសកម្មភាពលួចឆ្កឹះសោផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងបុរីឡាយគង់ខាងលើ ហើយកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឡោមព័ន្ធឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ រួមទាំងវត្ថុតាងខាងលេី​ បញ្ចូនមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ​ ដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី​ ។

​ ក្រោយពីធ្វើការសាកសួរ​ ជនសង្ស័យខាងលេីបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកគេ(ជនសង្ស័យ) ពិតជាបាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិប្រាកដមែន ហើយកន្លងមកពួកគេ (ជនសង្ស័យ) ក៏ធ្លាប់បានធ្វើសកម្មភាពលួច គាស់ បង្អួចផ្ទះ និងឆ្កឹះសោទ្វារផ្ទះរបស់ប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិជាច្រើនលើកទៀតផង យកទៅលក់បានលុយទិញថ្នាំញៀនជក់ និងផឹកស៊ីជាមួយបក្ខពួក ។

​ បច្ចុប្បន្ននេះ​ ជនសង្ស័យទាំង៥នាក់​ រួមទាំងវត្ថុតាងខាងលេី​ ត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ឃុំខ្លួនបណ្ដោះអាសន្ន​ រង់ចាំកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ​ ដេីម្បីផ្ដន្ទាទោសតាមច្បាប់​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖